ជាង ១ ឆ្នាំ គម្រោងវិនិយោគជាង ៣០០ ទទួលបានការលើកទឹកចិត្តពិសេស
ព្រះសីហនុ៖ លោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០២៤ និង ៦ ខែដើមឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគបានផ្តល់ការលើកទឹកចិត្តដល់ គម្រោងវិនិយោគសរុបចំនួន ៣៣១ គម្រោង។
លោក អ៊ឹម សុខធី បានឱ្យដឹងបែបនេះ ក្នុងគ្រាដែលដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃវឌ្ឍនភាពគម្រោងដែលទទួលបានការលើកទឹកចិត្តពិសេសចាប់ពីឆ្នាំ ២០២៤ ដល់ឆមាសទី១ ឆ្នាំ ២០២៥ រួមទាំងការចុះពិនិត្យដោយផ្ទាល់លើទីតាំងគម្រោងចំនួន ៦ ដែលផ្តោតសំខាន់លើ អគារជាប់គាំងនៅថ្ងៃ២១ ខែកក្កដា ឆ្នាំ ២០២៥។
លោកបន្តថា ក្នុងចំណោម ៣៣១ គម្រោង នោះ ១៥៣ គម្រោង ជាគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ១៤២ គម្រោង ជាគម្រោងថ្មី, ២៤ គម្រោង ជាគម្រោងពង្រីក, និង ១២ គម្រោង ជាគម្រោងដែលមានស្រាប់។ គម្រោងទាំងអស់នេះតម្រូវឱ្យមានការវិនិយោគប្រមាណ ៤.៧៥៣ លានដុល្លារអាម៉េរិក សម្រាប់បញ្ចប់ការសាងសង់ និងអនុវត្តគម្រោង។
លោក អ៊ឹម សុខធីបន្ថែមថា ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះបាននិងកំពុងបង្ហាញសញ្ញាណវិជ្ជមានក្នុងការទាក់ទាញ និងជំរុញវិស័យវិនិយោគ។ បន្ថែមពីលើការផ្តល់ការលើកទឹកចិត្តជាគោលការណ៍ ក្រុមការងារក៏បានសម្របសម្រួលយ៉ាងសកម្មលើនីតិវិធីសំខាន់ៗជាច្រើន ដើម្បីជួយសម្រួលដល់វិនិយោគិន ។
ការងារទាំងនោះរួមមាន៖ ការចុះបញ្ជីសហគ្រាស, ការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលូ, ការផ្តល់លិខិតអនុញ្ញាតសាងសង់ អាជ្ញាបណ្ណទេសចរណ៍ និងអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ, ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការរៀបចំវេទិកាទាក់ទាញវិនិយោគិន និង ការផ្តល់ប្រឹក្សាយោបល់ និងសម្របសម្រួលដោះស្រាយសំណូមពរនានារបស់វិនិយោគិនជាតិ និងអន្តរជាតិ។
តាមរយៈការចុះពិនិត្យការអនុវត្តគម្រោង ក្រុមហ៊ុនដែលទទួលបានការលើកទឹកចិត្តបានសម្តែងការពេញចិត្តចំពោះ កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល និងបានសម្រេចចិត្តបន្តវិនិយោគនៅក្នុងខេត្តព្រះសីហនុ។
ការអនុវត្តកម្មវិធីពិសេសនេះ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី កំពុងផ្តល់ផលវិជ្ជមានយ៉ាងច្បាស់លាស់ ដោយប្រែក្លាយអគារដែលធ្លាប់ជាប់គាំងទៅជា ទ្រព្យសកម្មដ៏មានតម្លៃ ដែលអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ចខេត្ត។ នេះជាការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព ហើយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់បំពេញការងារដោយស្មារតីបុរេសកម្ម និងសកម្ម។
បច្ចុប្បន្ន ខេត្តព្រះសីហនុមាន សន្តិសុខ សណ្តាប់ធ្នាប់ និងបរិយាកាសវិនិយោគល្អប្រសើរ ដែលបានទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើន។ លក្ខខណ្ឌអំណោយផលទាំងនេះបានធ្វើឱ្យខេត្តនេះស័ក្តិសមជា មជ្ឈមណ្ឌលអភិវឌ្ឍន៍ពហុបំណង និងជា ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ របស់ប្រទេសកម្ពុជា។
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុនៅតែបន្តអំពាវនាវដល់ធុរជន និងវិនិយោគិនទាំងអស់ឱ្យដាក់ពាក្យស្នើសុំការលើកទឹកចិត្ត ការសម្របសម្រួល និងការសម្រួលនីតិវិធីផ្សេងៗ៕