គម្រោងវិនិយោគចំនួន ៧ មានទុន ២៤៨លានដុល្លារ បោះទីតាំងនៅក្នុងខេត្ត ៣
ភ្នំពេញ៖ គម្រោងវិនិយោគចំនួន ៧ មានទុនវិនិយោគសរុបប្រមាណ ២៤៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន ២,៦ពាន់កន្លែង បានបោះទីតាំងនៅរាជធានីភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់។
នេះ បើតាមកិច្ចប្រជុំច្រកចេញចូលតែមួយ ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។
គម្រោងវិនិយោគទាំង៧នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤គម្រោង (ផលិតថ្មម៉ាប, ផលិតពិល, កែច្នៃស្បែក, និងផលិតប្រដាប់ប្រដារនិងគ្រឿងសង្ហារិមក្មេង) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន៣គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព២០មេហ្គាវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់, គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៣០០មេហ្គាវ៉ាត់ និងគម្រោងបង្កើតផែស្ងួត)៕