Close

កម្ពុជាមានរោងចក្រផលិតនិងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗ ថ្មីមួយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជាមានរោងចក្រផលិតនិងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗ ថ្មីមួយ កម្ពុជាមានរោងចក្រផលិតនិងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗ ថ្មីមួយ

ភ្នំពេញ៖ ក្រុមហ៊ុន Metal Jewelry Cambodia បានសម្ពោធដាក់ឱ្យដំណើការជាផ្លូវការនូវរោងចក្រផលិតផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈនិងប្លាស្ទិក ស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ។

ពិធីសម្ពោធដាក់ ឱ្យដំណើការនូវរោងចក្រខាងលើនេះ ធ្វើឡើង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រោមវត្តមានលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ, តំណាងក្រុមហ៊ុន Metal Jewelry Cambodia, និងកម្មករ កម្មការិនីជាច្រើនរូបទៀត។

ក្នុងឱកាសនៃពិធីបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រនេះ លោក ជា វុទ្ធី បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន Metal Jewelry Cambodia ដែលបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការរួមបញ្ចូលកម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។ ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ចប្រកដោយភាពអំណោយផល។

កម្ពុជាមានរោងចក្រផលិតនិងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗថ្មីមួយ

លោកបន្តថា៖«វត្តមានរបស់ក្រុមហ៊ុន មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការរបស់របស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាយើងផងដែរ»។

លោក ជា វុទ្ធីសង្កត់ធ្ងន់ទៀតថា៖«ការជ្រើសរើសបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា របស់ក្រុមហ៊ុន Metal Jewelry Cambodia ជាការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត និងមានលក្ខណៈជាយុទ្ធសាស្ត្រ ព្រោះក្រុមហ៊ុនមិនត្រឹមតែអាចទទួលបាននូវអត្ថប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្តដែលមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាននូវកិច្ចសម្រួលនីតិវិធីរដ្ឋបាលដែលមានភាពរហ័សងាយស្រួល, ប្រព័ន្ធបណ្តាញអគ្គិសនីដែលអាចជឿទុកចិត្តបាន, បណ្តាញដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងបរិក្ខារភស្តុភារកម្មទំនើបៗ ដែលអាចជួយឱ្យប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនសម្រេចបាននូវប្រសិទ្ធផល និងប្រាក់ចំណេញខ្ពស់ផងដែរ»។

បន្ថែមលើនេះ លោកក៏បានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលក្នុងរយៈពេលប្រមាណជាង១ឆ្នាំ ចុងក្រោយនេះ មានការកើនឡើងទាំងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ទាំងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

សូមបញ្ជាក់ជូនថាក្រុមហ៊ុន Metal Jewelry Cambodia បានទទួលគោលការណ៍អនុញ្ញាឱ្យវិនិយោគបង្កើតរោងចក្រផលិតផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈនិងប្លាស្ទិក កាលពីខែមិថុនា ឆ្នាំ២០២៣។ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Metal Jewelry Cambodia គឺក្រុមហ៊ុន International Metal and Jewelry Co., Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតគ្រឿងអលង្ការនិងគ្រឿងលម្អដែលជាម៉ាកល្បីនិងប្រណិតរបស់បារាំង (French Luxury Group) ៕

កម្ពុជាមានរោងចក្រផលិតនិងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗថ្មីមួយ