ក្នុងខែកញ្ញា កម្ពុជា អនុម័តគម្រោងចំនួន ២៨ មានទុនវិនិយោគប្រមាណ ៤៤៣លានដុល្លារ
ភ្នំពេញ៖ គម្រោងវិនិយោគចំនួន ២៨ ដែលមានទុនវិនិយោគសរុបប្រមាណ ៤៤៣លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤។
យោងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ តុលា នេះ ថា «ក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤៤៣លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានប្រមាណជិត ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង»។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកញ្ញានេះ រួមមាន៖ ក្រៅតំបន់សេដ្ឋកិច្ចពិសេស៖ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងស្ថិតនៅភូមិព្រៃកីខ និងភូមិព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុន វិនិយោគបន្ថែម១២,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន២.៥០៥កន្លែង។
ដោយឡែក ក្នុងតំបន់សេដ្ឋកិច្ចពិសេស រួមមាន៖
១-គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលមានទីតាំងស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណជាង៧០លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានចំនួន៧០៨កន្លែង។
២-គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូ អ៊ិនធើណេសិនណល ដែលមានទីតាំងស្ថិតនៅភូមិ ត្រពាំងឆ្លង ឃុំញរ ភូមិព្រះបាក់ក និងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុង ទុនវិនិយោគចំនួន៥៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២៥១កន្លែង។
៣-គម្រោងវិនិយោគបង្កើតរោងចក្រផលិតដំឡើង និងបង្គំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និង មេកានិច ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងទុនវិនិយោគ ប្រមាណជាង៣៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៨.៩១៨កន្លែង។
៤-គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលពីទឹកដោះគោ ភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិ អាល់កុល និងអាហារគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណជាង៣៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៥៨ កន្លែង។
៥-គម្រោងវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប រឡូខ្សែកាបដែក និងរឡូខ្សែកាបឈើ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគចំនួន២៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.១៨៨កន្លែង។
៦-គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមេនហាតធេនក្នុងទុនវិនិយោគប្រមាណជាង២០លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន៦៨៤កន្លែង។
សូមបញ្ជាក់ថា ក្នុងខែកញ្ញា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី១ ដោយបានរួមចំណែក៣៨,២៣% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់៣២,៩២% នៃទុនវិនិយោគសរុប៕