ព្រះខ័នរាជស្វាយរៀង នឹងទទួលបានកាដូធំ ២ ប្រសិនបើឈ្នះ AFC Challenge League ស្ងែកនេះ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារកីឡដ្ឋានមរតកតេជោ នៅថ្ងៃទី១០ ខែឧសភា ស្ងែកនេះ ដើម្បីទទួលក្រុមភ្ញៀវ FC ARKADAG ដែលជាក្លិបមកពីតំបន់អាស៊ីកណ្ដាលគឺប្រទេសតួកមេនីស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ AFC Challenge League រដូវកាលឆ្នាំ ២០២៤/២៥ ។
បើសិនជា ព្រះខ័នរាជស្វាយរៀង ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣នេះ ព្រះខ័នរាជស្វាយរៀង នឹងទទួលបានកាដូដ៍ធំចំនួនពីរទាំងខ្លួនឯង និងបាល់ទាត់កម្ពុជា។ ទីមួយ ក្លិបព្រះខ័នរាជស្វាយរៀង នឹងទទួលបានទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិក និងទីពីរ ពួកគេអាចធានា ១កៅអីកន្លះ ទៅលេងនៅពានរង្វាន់ AFC Champions League Two សម្រាប់រដូវកាល ២០២៥-២៦។
នេះមានន័យថា នៅរដូវកាលក្រោយឆ្នាំ ២០២៥/២៦ ក្លិបព្រះខ័នរាជស្វាយរៀង នឹងទៅលេងវគ្គចែកពូលនៅក្នុងពានរង្វាន់ AFC Champions League Two និងមួយក្រុមទៀត(ក្រុមជើងឯករងនៅលីគកម្ពុជា ឆ្នាំ២០២៤/២៥) នឹងទៅលេងនៅវគ្គជម្រុះក្នុងពានរង្វាន់ AFC Challenge League រដូវកាល ២០២៥/២៦ ដែលនេះជាសមិទ្ធផលដ៏អស្ចារ្យ សម្រាប់វិស័យបាល់ទាត់ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបើសិនជាព្រះខ័នរាជស្វាយរៀងក្លាយជាជើងឯករង ពួកគេនឹងទទួលទឹកប្រាក់ ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ។
គួររំលឹកផងដែរថា ក្រុម FC ARKADAG ដែលជាគូប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣អាស៊ីនេះ AFC Challenge League 2024/25 នេះគឺបង្កើតឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមានអាយុទើបតែ ២ឆ្នាំប៉ុណ្ណោះ។ ត្បិតក្លិប FC ARKADAG មានអាយុក្មេងខ្ចីពិតមែន ប៉ុន្តែក្លិបនេះអាចគ្រងតំណែងជើងឯកលីគកំពូលតួកមេនីស្ថានទាំងពីររដូវកាលចុងក្រោយ គឺរដូវកាល ២០២៣ និង ២០២៤៕