លីគកំពូលកម្ពុជា៖ ព្រះខ័នរាជស្វាយរៀង ស្គាល់បរាជ័យលើកដំបូង ក្រោមថ្វីជើង វិសាខា
បន្ទាប់ពីឈរកំពូលតារាង៣សប្ដាហ៍ នៅទីបំផុត! ក្រុមម្ចាស់ការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ស្គាល់បរាជ័យលើកដំបូង ក្រោមថ្វីជើងម្ចាស់ផ្ទះវិសាខា ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជើងឯកខេមបូឌានព្រីមៀរលីគ (CPL) សប្តាហ៍ទី៤ កាលពីចុងសប្តាហ៍កន្លងទៅ។
បន្ទាប់ពីសម្រុកគ្នាទៅមកពេញ៩០នាទី ដោយគ្មានគ្រាប់បាល់ ទីបំផុតខ្សែការពារ កាន់ ម៉ូ ដែលទើបទទួលបានសញ្ញាតិខ្មែរ និងបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិលើកដំបូង ជាអ្នករកគ្រាប់បាល់ជ័យជម្នះឱ្យវិសាខា នៅនាទី ៩០+២ ដោយការតែតបាល់បញ្ជូលទី និងបានជួយក្រុមម្ចាស់ផ្ទះទទួលបាន៣ពិន្ទុជាលើកទី២ ខណៈស្វាយរៀងស្គាល់ចាញ់លើកដំបូងក្នុងរដូវកាលនេះ។
ឆ្លងកាត់ការប្រកួត៤សប្ដាហ៍នៅលើទីលាន ឃើញថា ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Josep Muñoz ឈរនៅលេខ២ មាន៩ពិន្ទុ ខណៈវិសាខា ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក JURGIS KALNS ឡើងទៅឈរលេខ៥បណ្តោះអាសន្ន មាន ៦ពិន្ទុ។
គួរបញ្ជាក់ថា នៅសប្ដាហ៍ក្រោយ ក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វារផ្ទះទទួលស្វាគមន៍ ណាហ្គាវើលដ៍ ខណៈ វិសាខា ធ្វើដំណើរទៅសួរសុខក្រុម Tiffy Army នៅកីឡដ្ឋានស្តាតចាស់៕