លទ្ធផលការប្រកួតលីគកំពូលកម្ពុជា កាលពីយប់មិញ
កាលពីយប់ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ការប្រកួតជើងឯកលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ (CPL) សប្តាហ៍ទី៥ មានការប្រកួតចំនួន៣គូ ដោយក្នុងនោះ មានការប្រកួតចំនួន៣គូ មានគ្រាប់បាល់កើតឡើងសរុបចំនួន ១៧គ្រាប់។
ការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋាន AIA Stadium KMH PARK ក្រុមសេះមាសវិសាខា ក្រោមការដឹកនាំរបស់លោក Jurgis Kalns បានលត់ក្រុមសមាគមនបាល់ទាត់ក្រសួងមហាផ្ទៃ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៩-០។ កីឡាករ Souza Ramon និង ស៊ិន កក្កដា រកបានម្នាក់ ២គ្រាប់ ខណៈ សា ទី, អ៊ុក សុវណ្ណ, កាន់ ម៉ូ, Park Jungbin និង Mike Rigoberto រកបានម្នាក់មួយគ្រាប់។
ចំណែកការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋានខេត្តស្វាយរៀង គឺក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានបញ្ចប់ភាពមិនដែលចាញ់របស់ក្រុមណាហ្គាវើលដ៍ បន្ទាប់ពីយកឈ្នះ ក្នុងលទ្ធផល ២-០។ ២គ្រាប់របស់ស្វាយរៀង រកបានដោយកីឡាករ Pablo Augusto និង Bounkong Bounphachan។
រីឯការប្រកួតដែលធ្វើឡើងនៅឯពហុកីឡដ្ឋានជាតិ ក្រុមនាគខៀវបឹងកេត បានលត់ក្រុមដែលទើបតែឡើងមកពីលីគ២ គឺក្រុមបាល់ទាត់ឡាយ្វ ខេត្តព្រះសីហនុ ក្នុងលទ្ធផល ៥-១ ក្នុងនោះកីឡាករវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា រកបាន២គ្រាប់ម្នាក់ឯង និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ជូលទីបានមួយគ្រាប់ផងដែរ។
សម្រាប់ការប្រកួតថ្ងៃ ព្រហស្បត៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ គិរីវង្សសុខសែនជ័យ នឹងបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមមិនទាន់ស្គាល់រស់ជាតិចាញ់ទាល់តែសោះ គឺក្រុមអង្គរថាយហ្គឺរ ខណៈ អាយអេសអាយ ដង្កោសែនជ័យ បើកទ្វារកីឡដ្ឋាន AIA Stadium KMH PARK ទទួលក្រុមកងយោធពលខេមរភូមិន្ទ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ ព្រហស្បត៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ១២ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ២ ភ្នំពេញក្រោន ខណៈវិសាខា ណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ ឈរនៅលេខរៀងបន្តបន្ទាប់មាន ៩ពិន្ទុដូចគ្នា៕