បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Hun Sen Cup រសៀលនេះ
ក្រុមបាល់ទាត់បឹងកេត នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគម ក្រុមការពារដំណែងជើងឯកព្រះខ័នរាជស្វាយរៀង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៤/២៥ ។
ក្រុមបាល់ទាត់បឹងកេត ដែលមានលោកស្រី ពុធ ធីតា ជាប្រធានក្លិប ជាក្រុមចុងក្រោយគេ ដែលឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ បន្ទាប់ពីយកឈ្នះ គូប្រជែងក្នុងលីគកំពូលកម្ពុជា អាយ អេស អាយ ដង្កោសែនជ័យ សរុបលទ្ធផលទាំងពីរជើង ៣ ទល់នឹង ០។
មុនឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep Muñoz បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ក្នុងលទ្ធផលទាំងពីរជើង ៥ ទល់នឹង ២ នៅវគ្គ៨ ក្រុមចុងក្រោយ ។
មុនជួបគ្នារសៀលនេះ ក្រុមព្រះខ័នរាជស្វាយរៀង ទើបតែយកឈ្នះ បឹងកេត ១ទល់នឹង០ រួចមកហើយ នៅក្នុងការប្រកួតលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ ស៊ុតបញ្ចូលទីដោយខ្សែបម្រើសញ្ជាតិប្រេស៊ីល GABRIEL SILVA COSTA នៅនាទី ៣៩។
មែនទែនទៅ ក្រុមទាំងពីរនេះ ជួបគ្នាច្រើនលើកមកហើយ ដោយការជួបគ្នា ៥ប្រកួតចុងក្រោយនៅលីគកំពូលកម្ពុជា រដូវកាលនេះ ក្រុមនាគខៀវបឹងកេត មិនដែលស្គាល់រស់ជាតិឈ្នះ ព្រះខ័នរាជស្វាយរៀង ឡើយ ពោលគឺចាញ់ទាំង ៥ប្រកួត ដូច្នេះនេះជាឱកាសសម្រាប់ បឹងកេត សងសឹក ក្រុមការពារដំណែងជើងឯកព្រះខ័នរាជស្វាយរៀង ខណៈនេះជាពារតែមួយកត់ដែលបឹងកេត មាននៅក្នុងដៃ ដ្បិតលីគកំពូលកម្ពុជា បឹងកេត អស់ឱកាសប្រជែងពានទៅហើយ ដោយសារដាច់ពិន្ទុច្រើនពេក ស្របពេលដែលការប្រកួតនៅសល់តែ៤ប្រកួតទៀត នឹងបញ្ចប់ជាផ្លូវការ។
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ កាលពីរដូវកាលមុន ក្រុមព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីយកឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈ វិសាខា បានចំណាត់ថ្នាក់លេខ៣៕