ព្រះខ័នរាជស្វាយរៀង បន្តនាំមុខ ៤ពិន្ទុ ខណៈការប្រកួតសល់ ៤ប្រកួតទៀតនឹងបញ្ចប់ លីគកំពូលកម្ពុជា
ការប្រកួតលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ រដូវកាល២០២៤/២៥ បានបញ្ចប់សប្តាហ៍ទី២៨ ហើយ ដោយក្នុងនោះ ក្លឹបព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរកំពូលតារាង មាន ៤ពិន្ទុនាំមុខក្រុមលេខ២ ភ្នំពេញក្រោន និងនាំមុខក្រុមលេខ៣ វិសាខា ចំនួន៨ពិន្ទុ។
ចំណែកឯក្រុមចំនួន ៣ផ្សេងទៀត ដែលស្ថិតក្នុងចំណោមក្រុមទាំង៦ ដែលឡើងមកប្រកួតប្រជែងក្នុងដំណាក់កាលទី២នេះ រួមមាន ណាហ្គាវើលដ៍ អង្គរថាយហ្គឺរ និងបឹងកេត សុទ្ធតែអស់ឱកាសប្រជែងពានហើយ។ រីឯក្រុមវិសាខា ប្រសិនបើសប្ដាហ៍ទី២៩ ពួកគេភ្លាត់ស្នៀតចាញ់ ហើយស្វាយរៀង នៅតែបន្តឈ្នះ នោះពួកគេ ក៏អស់ឱកាសប្រជែងពានដូចគ្នា។
ចំពោះលទ្ធផលការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី១៨ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះ វិសាខា យ៉ាងលំបាក់ ដោយលទ្ធផល ១ទល់នឹង០ រកបានដោយខ្សែបម្រើវ័យក្មេង ប៉ុង សាំយូអែល ស៊ុតមួយជើងចុងម៉ោងពីចម្ងាយចូលទីយ៉ាងស្អាតនៅនាទី ៩០+៣ ខណៈ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ បឹងកេត ១ទល់នឹង០ ស៊ុតបញ្ចូលទីដោយខ្សែបម្រើសញ្ជាតិប្រេស៊ីល GABRIEL SILVA COSTA នៅនាទី ៣៩។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី២៨នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង មាន ៦៧ពិន្ទុ, ភ្នំពេញក្រោន ឈរលេខ២ មាន ៦៣ពិន្ទុ ខណៈវិសាខា ឈរលេខ៣ មាន ៥៩ពិន្ទុ ខណៈនៅសល់តែ៤ប្រកួតទៀតប៉ុណ្ណោះ និងរកឃើញម្ចាស់ពាន។
ក្រៅតែពីការប្រកួតប្រជែងពាននៅលីគកំពូលកម្ពុជា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលដំណាងឲ្យកម្ពុជា មានភារកិច្ចដ៏សំខាន់មួយទៀត ដោយត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League™ 2024/25 ជាមួយក្រុម FK Arkadag នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧ :០០នាទីយប់៕