តោះ! មកស្គាល់ពីកីឡាករបរទេស ៦នាក់ ដែលលេងនៅលីគកំពូលកម្ពុជា ត្រូវកោះហៅចូលក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងថ្ងៃ FIFA DAY
ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៤/២៥ នឹងត្រូវសម្រាក ២សប្ដាហ៍ ដែលជាថ្ងៃ FIFA DAY ដើម្បីឱ្យកីឡាករមានពេលវេលាជាមួយក្រុមជម្រើសជាតិរៀងៗខ្លួន។
ក្នុងនោះ គេសង្កេតឃើញថា មានកីឡាករបរទេសចំនួន៦នាក់ ចេញពី ៤ក្លិបផ្សេងគ្នា នៅខេមបូឌានព្រីមៀរលីគ ត្រូវបានក្រុមជម្រើសជាតិរបស់ខ្លួនកោះហៅចូលរួម ដើម្បីត្រៀមក្នុងការប្រកួតអន្តរជាតិនានា ក្នុងអំឡុងថ្ងៃ FIFA Day ខាងមុខនេះ ក្នុងនោះមានម្នាក់ លេងក្នុងពានរង្វាន់ Nation League របស់អឺរ៉ុប។
១. ខ្សែការពាររបស់ក្លិបបាល់ទាត់វិសាខា កីឡាករ Vitālijs Jagodinskis ត្រូវបានក្រុមជម្រើសជាតិឡេតូនី កោះហៅ ត្រៀមសម្រាប់ពានរង្វាន់ UEFA Nations League 2024–25 ប្រចាំទ្វីបអឺរ៉ុប ទល់នឹងក្រុមម៉ាសេដូនៀខាងជើង នៅថ្ងៃទី១០ ខែតុលា និងបន្តជួបក្រុមកោះហ្វារ៉ូ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ហើយ ក៏ជាកីឡាករដំបូងគេ ពីលីគកំពូលកម្ពុជា Cambodian Premier League ជាប់ជម្រើសជាតិ នៅទ្វីបអឺរ៉ុប ខណៈកន្លងទៅមានតែកីឡាករបរទេសពីលីគកម្ពុជា ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិដែលស្ថិតក្នុងតំបន់អាស៊ាន និងអាស៊ី មួយចំនួនប៉ុណ្ណោះ ។
២. ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ កីឡាករ João Pedro ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិទីម័រខាងកើត ដើម្បីត្រៀមប្រកួតដណ្តើមយកកៅអីទៅចូលរួមការប្រកួតពានរង្វាន់តំបន់អាស៊ាន AFF ASEAN Championship qualification ជាមួយនឹងក្រុមជម្រើសជាតិប្រ៊ុយណេ។
៣. កីឡាករ Jhon Frith របស់ អាយអេសអាយអាយ ដង្កោសែនជ័យ ចូលរួមជាមួយក្រុមជម្រើសជាតិទីម័រខាងកើត ដើម្បីត្រៀមប្រកួតដណ្តើមយកកៅអីទៅការប្រកួតពានរង្វាន់តំបន់អាស៊ាន AFF ASEAN Championship qualification ទល់នឹងក្រុមប៊្រុយណេ ជើងទី១នៅទីក្រុងកីឡដ្ឋាន Hassanal Bolkiah National Stadium ក្នុងប្រទេសប្រ៊ុយណេ នៅថ្ងៃទី៨ ខែតុលា និងជើងទី២ នៅធ្វើឡើងនៅកីឡដ្ឋាន Chonburi Stadium ក្នុងប្រទេសថៃ ដែលជាទឹកដីកណ្តាល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។
៤. ខ្សែប្រយុទ្ធកីឡាករ Jarvey Gayoso របស់ភ្នំពេញក្រោន ត្រូវកោះហៅក្រុមជម្រើសជាតិហ្វីលីពីន ដើម្បីត្រៀមប្រកួតពានរង្វាន់ King’s Cup ២០២៤ នៅក្នុងប្រទេសថៃ ដោយតាមកាលវិភាគប្រកួត គឺនៅថ្ងៃទី១១ ខែតុលា ក្រុមជម្រើសជាតិហ្វីលីពីន ត្រូវប៉ះក្រុមម្ចាស់ផ្ទះថៃ និងនៅថ្ងៃទី១៤ ខែតុលា ត្រូវប៉ះក្រុមជម្រើសជាតិស៊ីរី ឬ តាជីគីស្ថាន។
៥. ខ្សែការពារ Soe Moe Kyaw របស់ ខ.ភ.ម ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិស្រីលង្កា ចំនួន២ ដោយជើងទី១ធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះ និងជើងទី២ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
៦. ខ្សែបម្រើក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ Bouphachan Bounkong ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ឡាវ កោះហៅចូលក្រុមជម្រើសជាតិក្នុងបញ្ជីចំនួន៣០នាក់ ដើម្បីចេញទៅបោះជុំរុំហ្វឹកហាត់នៅប្រទេសថៃ ដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍កីឡាករស៊ីហ្គេមឆ្នាំ២០២៥, ការប្រកួតជើងឯកតំបន់អាស៊ាន AFF U23 Championships និង ពានរង្វាន់ Mitsubishi Electric Cup ចុងឆ្នាំនេះ ។
គួរបញ្ជាក់ថា បន្ទាប់ពីថ្ងៃ FIFA DAY បញ្ចប់ ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី៨ នឹងត្រឡប់មកវិញ នៅថ្ងៃទី ១៩-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕