ចាំគាំទ្រទាំងអស់គ្នា! ល្ងាចនេះ ក្រុមគោព្រៃកម្ពុជា ប្រកួតជាមួយ អារូបា នៅពហុកីឡដ្ឋានជាតិ
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ វេម៉ោង ៧:០០នាទីយប់ ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិ (អូឡាំពិក) ទទួលស្វាគមក្រុមជម្រើសជាតិអារូបា ដែលហោះមកពីដែនកោះក្នុងទ្វីបអាមេរិកខាងត្បូង ក្នុងជំនួបរកួតមិត្តភាពអន្តរជាតិ ក្នុងថ្ងៃ FIFA DAY។
យ៉ាងណា មុនការប្រកួតមកដល់ល្ងាចនេះ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Koji Gyotoku បានដាក់គោលដៅដឹកនាំក្រុមបង្ហាញការលេងមួយដ៏ល្អ សម្រាប់អ្នកគាំទ្រក្រុមគោព្រៃ និងដាក់គោដៅឈ្នះការប្រកួត។
គ្រូបង្វឹកជនជាតិជប៉ុនខាងលើ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទនេះថា ការលេងជាមួយអារូបា គឺជាការប្រកួតមួយដ៏ល្អ ដែលលោកនឹងព្យាយាមដឹកនាំឲ្យក្រុមឲ្យបានល្អ ហើយក៏សង្ឃឹមថា កូនក្រុមនឹងខំប្រឹងអស់ពីសមត្ថភាពក្នុងការប្រកួតនេះ ដ្បិតនេះគឺជាបទពិសោធថ្មីមួយទៀត សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលលេងជាមួយក្រុមមកពីទ្វីបផ្សេង ។
លោក Koji បានបន្ថែមថា «អ្វីដែលសំខាន់ គឺពួកយើងត្រូវការជ័យជម្នះ ។ សម្រាប់ខ្ញុំក៏ចង់បង្ហាញការលេងមួយឲ្យល្អ សម្រាប់អ្នកគាំទ្រផងដែរ ។ មួយវិញទៀត ពីមុនមក យើងធ្លាប់តែលេងជាមួយក្រុមក្នុងតំបន់ តែលើកនេះ យើងបានលេងជាមួយក្រុមមកពីតំបន់ផ្សេង ។ អញ្ចឹងទម្រង់លេងរបស់គេ អាចនឹងមានការប្លែក។ នេះជាបទពិសោធមួយថ្មីសម្រាប់យើង ហើយក៏វាជាផលល្អមួយសម្រាប់ក្រុមជម្រើសជាតិផងដែរ» ។
ចំណែកគ្រូបង្វឹកអារូបា លោក 𝗠𝗮𝗿𝘃𝗶𝗰 𝗕𝗲𝗿𝗺ú𝗱𝗲𝘇 បានលើកឡើងថា មកទល់ពេលនេះ ក្រុមរបស់លោកហាក់សាំជាមួយពេលវេលាច្រើនជាងមុនហើយ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ នៅបន្សាំខ្លួននៅឡើយ ដ្បិតក្រុមលោកនៅមានបញ្ហាដោយសារការធ្វើដំណើរឆ្លងម៉ោង (ពុលយន្ដហោះ • 𝗝𝗲𝘁 𝗹𝗮𝗴) ស្របពេលដែលម៉ោងនៅអារូបា ខុសគ្នាជាមួយម៉ោងកម្ពុជា ដល់ទៅ ១១ម៉ោង បូកផ្សំនឹងការធ្វើដំណើរដល់ទៅ ៤ជើងហោះហើរ គឺហោះពីប្រទេសអារូបា ទៅប្រទេសប៉ាណាម៉ា ពីប៉ាណាម៉ា ទៅប្រទេសហូឡង់ ពីហូឡង់ ទៅប្រទេសសិង្ហបុរី រួចទើបពីសិង្ហបុរី មកប្រទេសកម្ពុជា។ ជាមួយគ្នាផងដែរ លោករំពឹងថាការប្រកួតថ្ងៃស្អែកកូនក្រុមរបស់លោកនឹងរួចរាល់ជាងមុន
គួរដឹងដែរថា នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិលើកទី២ កំឡុងថ្ងៃ FIFA Day របស់ក្រុមគោព្រៃកម្ពុជា បន្ទាប់ពីប្រកួតដំបូង កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម ២-១ ។ រីឯក្រុមជម្រើសជាតិអារូបា មុនជួបម្ចាស់ផ្ទះកម្ពុជា ក៏ទើបរងបរាជ័យក្រោមថ្វីជើងក្រុមសមាជិកលីគកំពូលកម្ពុជា វិសាខា ក្នុងលទ្ធផល ៣-១ ផងដែរ ៕