តោះ! មកដឹងពីអត្តន័យនៃឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្មោះថា «ពង្សាវតារ»
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញឯកសណ្ឋានថ្មី ដែលមានឈ្មោះថា «ពង្សាវតារ» ផលិតដោយក្រុមហ៊ុន VARAMAN (វរ្ម័ន) ដើម្បីត្រៀមការប្រកួតមិត្តភាពអន្តរជាតិនាៗ ក៏ដូចជាការប្រកួតពានរង្វាន់អាស៊ាន AFF Mitsubishi Electric Cup នៅចុងឆ្នាំនេះ។
តើឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលមានឈ្មោះថា «ពង្សាវតារ» ដែលផលិតដោយក្រុមហ៊ុន VARAMAN (វរ្ម័ន) នេះ មានអត្តន័យបែបណា និងគោលគំនិតយ៉ាងណាខ្លះ?
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន VARAMAN (វរ្ម័ន) បានបញ្ជាក់ថា គោលគំនិតនៃការច្នៃប្រឌិតឯកសណ្ឋានជម្រើសជាតិកម្ពុជាថ្មី មានចំនួន ៥ចំណុចធំៗ ដែលមានដូចខាងក្រោម៖
– ទី១ រចនាបថមានខ្លឹមសារ និងអត្ថន័យ ក្រោមប្រធានបទ “ពង្សាវតារ”
– ទី២ ការប្រើប្រាស់ ផ្កាចន្ទន៍ ផ្សារភ្ជាប់ជាមួយខ្លឹមសារ និងអត្ថន័យ ក្រោមប្រធានបទ “ពង្សាវតារ”។ ក្បាច់ផ្កាចន្ទន៍ គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្ដ និងវប្បធម៌របស់ខ្មែរ ដែលទម្រង់ក្បាច់រចនាទូទៅ ត្រូវបានប្រើប្រាស់ទៅលើសំពត់ សម្លៀកបំពាក់ គ្រឿងសម្ភារៈជាដើម របស់ដូនតាខ្មែរ តាំងពីសម័យបុរាណកាលមកដូចដែលមានឆ្លុះបញ្ជាំងលើសិលាចារឹក តាមប្រាសាទនានា។ ចំពោះសម័យកាលបច្ចុប្បន្នវិញ ការរចនាបថក្បាច់ផ្កាចន្ទន៍ ក៏មានការប្រើប្រាស់ នៅតាមសំពត់ ខោអាវ ស្ថាបត្យកម្ម វាយនភណ្ឌ និងសិប្បកម្ម ផ្សេងៗយ៉ាងទូលំទូលាយ។ ក្បាច់ផ្កាចន្ទន៍ ឆ្លុះបញ្ជាំងពីអរិយធម៌ វប្បធម៌ ប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ និងសិល្បៈយ៉ាងសម្បូរបែបដ៏ជ្រាលជ្រៅរបស់ដូនតាខ្មែរ បន្តពីបុរាណកាលដល់បច្ចុប្បន្នកាលនេះ ដូច្នេះការប្រើប្រាស់ក្បាច់ផ្កាចន្ទន៍ក្នុងការរចនានេះ គឺតំណាងឱ្យ អត្ថន័យ និងខ្លឹមសារនៃពង្សាវតារខ្មែរ។
– ទី៣ ខ្លឹមសារអត្ថន័យ “ពង្សាវតារ” គោលគំនិតក្នុងការរចនាដកស្រង់អត្ថន័យពីបទពង្សាវតារខ្មែរ វគ្គទី៣៖
“ខ្មែរអើយចូរស្ដាប់សាវតារ ដែលបានចរចារ
បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឱ្យធំ ខិតខំប្រឹងវិញ
បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង
ឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ។”
ក្នុងវគ្គនេះមានអត្ថន័យ ដាស់តឿន កូនខ្មែរគ្រប់រូប ខំប្រឹងអភិវឌ្ឍន៍ខ្លួន ប្រទេសជាតិ និងវប្បធម៌ឱ្យបានប្រសើរឡើង ដូចដែលពង្សាវតារខ្មែរធ្លាប់មានពីបុរាណកាលនៅក្នុងប្រវត្តិសាស្រ្តខ្មែរ។ នេះគឺជាអត្ថន័យនៃការរចនា តាមប្រធានបទ “ពង្សាវតារ” របស់ឯកសណ្ឋានក្រុមជម្រើសជាតិថ្មី។
– ទី៤ ការតំរៀបក្បាច់ផ្កាចន្ទន៍នៅលើផ្ទៃសាច់ក្រណាត់ ដោយរៀបតាមលំនាំនៃកំពូលប៉មប្រាសាទអង្គរវត្តទាំងប្រាំ ពីលើលំហ ប្រសិនមើលចំពីខាងលើដែលមានផ្កាចន្ទន៍ដុំធំ ១ នៅចំកណ្ដាល និងមានជុំវិញនូវផ្កាចន្ទន៍ដុំតូចៗ ចំនួន៤ ដែលប្រាសាទអង្គរវត្ត គឺជាដួងព្រលឹងជាតិខ្មែរ បញ្ជាក់អំពីអរិយធម៌ វប្បធម៌ខ្មែរទាំងមូល។
– ទី៥ ពណ៌ខៀវចាស់ (ពណ៌ខៀវនៃទង់ជាតិខ្មែរ) តំណាងឱ្យសាមគ្គីភាព ដើម្បីបង្កើនភាពព្រៀប ធ្វើឱ្យពូជសាសន៍ និងអរិយធម៌ខ្មែរថ្កុំថ្កើងទៅបាន ដោយមានសាមគ្គីភាពជាកម្លាំងស្នូលរួមគ្នា។
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់នេះ ក្រុមគោព្រៃកម្ពុជា នឹងបើកពហុកីឡដ្ឋានជាតិ ទទួលស្វាគមន៍ក្រុមជម្រើសជាតិឆាយនីស តៃប៉ិ ក្នុងជំនួបមិត្តភាពអន្តរជាតិ ហើយកម្ពុជា នឹងប្រើប្រាស់ឯកសណ្ឋានថ្មីនេះតែម្ដង៕