Close

ចាប់ពីឆ្នាំ២០២៥ តទៅ កីឡាករ និងក្រុមការងារគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា នឹងទទួលបាន២៥% នៃចំណូលពីការលក់សំបុត្រ

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន កីឡា
ចាប់ពីឆ្នាំ២០២៥ តទៅ កីឡាករ និងក្រុមការងារគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា នឹងទទួលបាន២៥% នៃចំណូលពីការលក់សំបុត្រ ចាប់ពីឆ្នាំ២០២៥ តទៅ កីឡាករ និងក្រុមការងារគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា នឹងទទួលបាន២៥% នៃចំណូលពីការលក់សំបុត្រ

កាលពីថ្ងៃ អាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួបសំណះសំណាលជាមួយមន្រ្តី និងក្រុមជម្រើសជាតិកម្ពុជា  ក្រោយបញ្ចប់ភារកិច្ចក្នុងព្រឹត្តការណ៍ ASEAN Mitsubishi Electric Cup™ 2024។

ដោយមើលពីការខិតខំប្រឹងប្រែង និងកម្រិតនៃការលេងរបស់ក្រុមជម្រើសជាតិកម្ពុជាប្រសើរជាងមុន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងសប្បុរសជន បានឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា​ ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះបីជាមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ។

បន្ថែមពីនេះ ដោយបានពិនិត្យមើលនៅក្នុងការពង្រឹងក្រុមជម្រើសជាតិកម្ពុជា​នៅពេលអនាគត ក៏បានលើកឡើងនូវគោលបំណងដែលនឹងត្រូវអនុម័តក្នុងមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅដើមឆ្នាំ ២០២៥ គឺការបែងចែកចំណូលពីការលក់សំបុត្រ នៃការប្រកួតក្នុងទឹកដីទាំងអស់ បន្ទាប់ពីទូទាត់ចំនាយនៃការរៀបចំការប្រកួត និងបង់ពន្ធជូនរាជរដ្ឋាភិបាលរួច ទឹកប្រាក់សល់ពីនោះនឹងធ្វើការបែងចែកជា ៤ផ្នែកដូចខាងក្រោម៖

១. ចំណូល ២៥% ផ្ដល់ជូនកីឡាករ និងក្រុមការងារគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា

២. ចំណូល ២៥% ផ្ដល់ជូនក្លិបបាល់ទាត់ដែលមានកីឡាករជាប់ជម្រើសជាតិក្នុងព្រឹត្តិការណ៍

៣. ចំណូល ២៥% សម្រាប់ការថែទាំសុខភាព និងសុខុមាលភាពរបស់កីឡាករ

៤. ចំណូល ២៥% សម្រាប់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំនាយទៅលើការអភិវឌ្ឍបាល់ទាត់។

គួរបញ្ជាក់ថា ក្នុងការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងពូល A ដោយមាន ៤ពិន្ទុ ពីការប្រកួតចំនួន៤ ឈ្នះ១ ស្មើ១ និងចាញ់២។ ទោះបីជាធ្លាក់ត្រឹមវគ្គចែកពូលក៏ពិតមែន តែក្រុមគោព្រៃកម្ពុជា ហាក់បង្ហាញទម្រង់លេងដ៏ល្អ ដោយអាចស៊ុតបញ្ជូលទីលើគូប្រកួត គ្រប់ការប្រកួតទាំងអស់៕

អត្ថបទទាក់ទង