Close

លោក Trump ទាមទារឲ្យប្រទេសមិត្តរួមទាំង NATO និងចិន ចូលរួមការពារច្រកសមុទ្រ Hormuz

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump ទាមទារឲ្យប្រទេសមិត្តរួមទាំង NATO និងចិន ចូលរួមការពារច្រកសមុទ្រ Hormuz លោក Trump ទាមទារឲ្យប្រទេសមិត្តរួមទាំង NATO និងចិន ចូលរួមការពារច្រកសមុទ្រ Hormuz

វ៉ាស៊ីនតោន៖ ប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទ បានបន្តជំរុញប្រទេសផ្សេងៗឲ្យចូលរួមក្នុងកិច្ចខិតខំរបស់សហរដ្ឋអាមេរិក ដើម្បីធានាសុវត្ថិភាពផ្លូវដឹកជញ្ជូនសំខាន់មួយនៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់។

សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគម្រាមកំហែងដល់នាវាដឹកប្រេងដែលធ្វើដំណើរយឺតៗឆ្លងកាត់ Strait of Hormuz កំពុងក្លាយជាបញ្ហាសម្រាប់រដ្ឋបាលលោក Trump ព្រោះវាអាចបង្កការរឹតត្បិតយ៉ាងខ្លាំងលើផ្លូវសំខាន់មួយ ដែលប្រហែល ២០% នៃពាណិជ្ជកម្មប្រេងពិភពលោកឆ្លងកាត់ជាប្រចាំ។

កាលពីថ្ងៃសៅរ៍ លោក Trump បានអំពាវនាវឲ្យប្រទេសចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងប្រទេសផ្សេងៗ បញ្ជូននាវាចម្បាំងទៅការពារច្រកសមុទ្រនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយ Financial Times លោកបានព្រមានថា ប្រសិនបើប្រទេសនានាបរាជ័យក្នុងការត្រួតពិនិត្យសន្តិសុខច្រកសមុទ្រនេះ នោះ “វានឹងអាក្រក់ខ្លាំងសម្រាប់អនាគតរបស់ NATO”។

លោក Trump ទាមទារឲ្យប្រទេសមិត្តរួមទាំង NATO និងចិន ចូលរួមការពារច្រកសមុទ្រ Hormuz

លោក Trump បាននិយាយលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យថា៖
“ខ្ញុំកំពុងទាមទារឲ្យប្រទេសទាំងនេះចូលមកការពារផលប្រយោជន៍របស់ពួកគេ ព្រោះវាជាផលប្រយោជន៍របស់ពួកគេផ្ទាល់។”

លោកបានបន្ថែមថា៖“ទោះបីយើងទទួលបានការគាំទ្រឬអត់ក៏ដោយ ខ្ញុំអាចនិយាយបានថា យើងនឹងចងចាំរឿងនេះ។”
ទោះជាយ៉ាងណា ប្រទេសបរទេសបានប្រតិកម្មយ៉ាងប្រុងប្រយ័ត្ន ដោយមានប្រទេសមួយចំនួនបដិសេធសំណើនេះទាំងស្រុង។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបដិសេធការទាមទារនេះ ដោយបញ្ជាក់ថា កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តលើផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញ ប៉ុន្តែមិនមែនជាបេសកកម្មរបស់ NATO ទេ។
លោកបាននិយាយថា៖“ខណៈពេលយើងកំពុងចាត់វិធានការចាំបាច់ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្ត យើងនឹងមិនអនុញ្ញាតឲ្យខ្លួនត្រូវបានទាញចូលទៅក្នុងសង្គ្រាមទូលំទូលាយឡើយ។”

ភាគច្រើននៃប្រជាជនអង់គ្លេសប្រឆាំងនឹងសង្គ្រាម ខណៈរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា បានផ្តល់សិទ្ធិឲ្យសហរដ្ឋអាមេរិកប្រើមូលដ្ឋានយោធា សម្រាប់តែ “សកម្មភាពការពារដែលមានកម្រិត” ប៉ុណ្ណោះ។

អាល្លឺម៉ង់ក៏បានបញ្ជាក់ថា មិនឃើញមានតួនាទីសម្រាប់ NATO ក្នុងការត្រួតពិនិត្យច្រកសមុទ្រនេះឡើយ។ អ្នកនាំពាក្យរបស់អធិការបតី Friedrich Merz បាននិយាយថា ដរាបណាសង្គ្រាមនៅតែបន្ត នោះមិនមានការចូលរួមណាមួយឡើយ សូម្បីតែជម្រើសប្រើកម្លាំងយោធាដើម្បីរក្សាច្រកសមុទ្រឲ្យបើកចំហក៏ដោយ។

លោកក៏បានបន្ថែមថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនបានពិគ្រោះយោបល់ជាមួយអឺរ៉ុបមុនចាប់ផ្តើមសង្គ្រាម ហើយក៏បានបញ្ជាក់ថា ជំនួយពីអឺរ៉ុបមិនចាំបាច់ឡើយ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា៖“វាមិនមែនជាសង្គ្រាមរបស់យើងទេ យើងមិនបានចាប់ផ្តើមវា។ យើងចង់បានដំណោះស្រាយតាមការទូត និងការបញ្ចប់យ៉ាងឆាប់រហ័ស។”
ប្រទេសអេស្ប៉ាញ និងអ៊ីតាលី ក៏បានបដិសេធការបញ្ជូននាវាទៅតំបន់នោះដែរ។ ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Salvini បាននិយាយថា ការបញ្ជូននាវាទៅតំបន់សង្គ្រាម មានន័យថា ជាការចូលរួមក្នុងសង្គ្រាម។

ចិនបានអំពាវនាវឲ្យបញ្ចប់អរិភាព ប៉ុន្តែមិនបានបញ្ជាក់ថានឹងចូលរួមការពារច្រកសមុទ្រនេះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេស Lin Jian បាននិយាយថា ស្ថានការណ៍តានតឹងនៅតំបន់នេះកំពុងប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ និងស្ថិរភាពក្នុងតំបន់ ហើយចិនកំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្ថយភាពតានតឹង។

លោក Trump ទាមទារឲ្យប្រទេសមិត្តរួមទាំង NATO និងចិន ចូលរួមការពារច្រកសមុទ្រ Hormuz

កូរ៉េខាងត្បូងបាននិយាយថា ត្រូវការពេលវេលាគ្រប់គ្រាន់សម្រាប់ពិចារណាសំណើនេះ ខណៈជប៉ុនក៏កំពុងពិនិត្យជម្រើសរបស់ខ្លួនក្រោមក្របខណ្ឌច្បាប់យ៉ាងតឹងរ៉ឹងលើការដាក់ពង្រាយយោធាក្រៅប្រទេស។ នាយករដ្ឋមន្ត្រី Sanae Takaichi បានបញ្ជាក់ថា មិនទាន់មានសេចក្តីសម្រេចណាមួយអំពីការបញ្ជូននាវា។

សំណើរបស់លោក Trump ត្រូវបានរំពឹងថា នឹងក្លាយជាបញ្ហាសំខាន់នៅពេលលោក Takaichi ទៅទស្សនកិច្ចសេតវិមាននៅថ្ងៃព្រហស្បតិ៍ខាងមុខ។
អូស្ត្រាលីបានបញ្ជាក់ថា មិនទទួលបានសំណើឲ្យចូលរួមក្នុងសម្ព័ន្ធកងទ័ពជើងទឹក ហើយក៏មិនមានគម្រោងបញ្ជូននាវាទៅតំបន់នោះឡើយ។

មន្ត្រីគោលនយោបាយការបរទេសសហភាពអឺរ៉ុប Kaja Kallas បាននិយាយថា ការរក្សាឲ្យច្រកសមុទ្រ Hormuz បើកចំហ គឺជាផលប្រយោជន៍រួម ហើយអឺរ៉ុបកំពុងពិភាក្សាអំពីអ្វីដែលអាចធ្វើបានក្នុងបរិបទនេះ។
ចុងក្រោយ លោក Trump បាននិយាយថា មានប្រទេសខ្លះបានយល់ព្រមជួយ ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះឡើយ៕