កីឡាករចូលសញ្ជាតិ Andres Nieto និយាយថា ៖ «វាគឺជាកិត្តិយសរបស់ខ្ញុំ ដែលបានពាក់អាវក្រុមជម្រើសជាតិកម្ពុជា»
កាលពីថ្ងៃ អាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៦នាក់ចុងក្រោយ ដើម្បីចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ក្នុងនោះ ក៏មានកីឡាករចូលសញ្ជាតិចំនួន៦នាក់ផងដែរ។
ក្នុងចំណោមកីឡាករចូលសញ្ជាតិទាំង៦រូបខាងលើ មាន ៣នាក់ ទើបតែទទួលបានសញ្ជាតិកម្ពុជា បន្ទាប់ពីបានរួមចំណែកជាមួយវិស័យបាល់ទាត់កម្ពុជា អស់រយពេល៥ឆ្នាំរួចមក ហើយពួកគេបានបង្ហាញខ្លួនលើកដំបូងជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងជំរុំហ្វឹកហាត់របស់ក្រុមគោព្រៃ កាលពីល្ងាចថ្ងៃចន្ទផងដែរ។
កីឡាករទាំង៣នាក់នោះ មាន២នាក់ជាកីឡាកររបស់ភ្នំពេញក្រោន គឺខ្សែការពារ អូសិ តាកាគី, ខ្សែប្រយុទ្ធ រ៉ាហ្វេល អ៊ែនទ្រេ នេតូ រ៉ុនដុន និងខ្សែប្រយុទ្ធ ឃូលីបាលី អាបឌែលខាឌឺ របស់ក្រុម អាយ អេស អាយ ដង្កោសែនជ័យ ។
បន្ទាប់ពីទទួលបានសញ្ជាតិកម្ពុជា និងហ្វឹកហាត់បានមួយថ្ងៃមក ខ្សែប្រយុទ្ធ រ៉ាហ្វេល អ៊ែនទ្រេ នេតូ រ៉ុនដុន បានលើកឡើងថា វាគឺជាកិត្តិយសណាស់ ដែលរូបគេបានពាក់អាវក្រុមជម្រើសជាតិកម្ពុជា។
កីឡាករ រ៉ាហ្វេល អ៊ែនទ្រេ នេតូ រ៉ុនដុន បាននិយាយថា៖«ខ្ញុំមានអារម្មណ៍រីករាយ និងរំភើប ! សម្រាប់ខ្ញុំវាគឺជារឿងសំខាន់មួយដែលបានជាផ្នែកមួយនៅប្រទេសដ៏ស្រស់ស្អាតមួយនេះ ហើយនេះគឺជាកិត្តិយសរបស់ខ្ញុំដែលបានពាក់អាវក្រុមជម្រើសជាតិ។ យើងត្រូវតែងធ្វើការឲ្យបានខ្លាំង និងការសម្របខ្លួនជាមួយក្រុម ព្រោះកីឡាករដែលបានកោះហៅនេះសុទ្ធតែល្អ។ នៅទីនេះយើងមិនមែនសម្រាប់ខ្លួនតាមកីឡាករដែលចូលសញ្ជាតិនោះទេ តែយើងត្រូវតែសម្របខ្លួនជាមួយកីឡាករទូទៅ។ យើងត្រូវតែធ្វើការទាំងអស់គ្នាដើម្បីកម្ពុជា»។
គួរបញ្ជាក់ថា ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ក្រុមជម្រើសកម្ពុជា ស្ថិតក្នុងពូល A ជាមួយ ក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត។ ក្នុងប្រកួតបើកឆាក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី វេលាម៉ោង ៥៖៤៥នាទីរសៀល នាពហុកីឡដ្ឋានជាតិអូឡាំពិក មុនពេលប៉ះ សិង្ហបុរី ទីម័រខាងកើត និងថៃ៕