ចំណាប់អារម្មណ៍របស់លោក Pep Muñoz មុន ព្រះខ័នរាជស្វាយរៀង ប៉ះ Tiffy Army FC រសៀលនេះ
នៅរសៀលថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep Munoz នឹងត្រូវប្រកួតជាមួយក្រុម Tiffy Army FC របស់លោក ភា សុភ័ក្ត្រា ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ឬ Cambodia Premier League 2024/25 ជុំទី២ សប្ដាហ៍ទី១ វេលាម៉ោង ៦:០០ ល្ងាច នាកីឡដ្ឋានស្ដាតចាស់ (Old Stadium)។
ក្នុងការប្រកួតជុំទី១ កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងនាមជាម្ចាស់ការពារដំណែងជើងឯករដូវកាលនេះ បានលត់់ក្រុម Tiffy Army FC យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៧-០ នាកីឡដ្ឋានស្វាយរៀង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Pep Munoz បានគូសបញ្ជាក់ថា៖« ពួកយើងលេងដើម្បីទទួលបានបីពិន្ទុបន្ថែមទៀត នៅកីឡដ្ឋានទីហ្វីអាមី។ ពួកគេកំពុងធ្វើបានលទ្ធផលល្អនៅពេលនេះ ហើយពួកគេមានកីឡាករដ៏ គ្រោះថ្នាក់ម្នាក់បន្ថែមទៀតគឺ Josemar ។ ពួកគេកំពុងលេងដោយ ទំនុកចិត្តបន្ទាប់ពីលទ្ធផលប៉ុន្មានប្រកួតចុងក្រោយ ហើយយើងដឹងថា យើងត្រូវតែផ្តោតខ្លាំងលើគូរប្រកួត បញ្ឈប់ការការលេងបាល់វែងរបស់ ពួកគេ និងការការពារប្រអប់ទីរបស់យើង»។
គ្រូបង្វឹកដែលជួយព្រះខ័នរាជស្វាយរៀង ឡើងវគ្គ៨ក្រុមចុងក្រោយ AFC Challenge League រូបនេះ បានបន្ថែមថា៖«ទោះជាយ៉ាងណាក៏ដោយ គំនិតចម្បងរបស់យើង គឺតែងតែគ្រប់គ្រងការ ប្រកួត បង្កើតឱកាស និងស៊ុតបញ្ចូលទី។ យើងមានកីឡាករមួយចំនួនដែល បានរបួសតិចតួច ប៉ុន្តែមានតែ Ryo ទេដែលនឹងខកខានការប្រកួតនេះ»។
ស្របពេលដែលលោក ភា សុភ័ក្ត្រា ដែលនឹងត្រលប់មកចូលទីលានវិញល្ងាចនេះ បន្ទាប់ពីការពិន័យរបស់សហព័ន្ធ បានលើកឡើងយ៉ាងដូច្នេះថា ៖«សម្រាប់ខ្ញុំជាគ្រូ ខ្ញុំមិនរំពឹងថា តាក់ទិចនៃការការពារ និងការប្រយុទ្ធរបស់ខ្ញុំ មានប្រសិទ្ធភាពជាមួយស្វាយរៀងទេ ប៉ុន្តែកត្តាស្មារតីរបស់កីឡាករគឺជារឿងដែលសំខាន់ជាងតាក់ទិច ថាអ្វីៗយើងអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៥ ក្នុងតារាង Cambodia Premier League មាន ១៨ពិន្ទុ ខណៈ Tiffy Army FC ឈរនៅលេខរៀងទី៧ មាន ១៣ពិន្ទុ៕