ទីបំផុត! ក្លិប Tiffy Army សម្រេចចិត្តបន្តការប្រកួតតាមកាលវិភាគរបស់ក្រុមហ៊ុនលីគកម្ពុជា និងយល់ព្រមតាមការពិន័យមកលើគ្រូបង្គោល និងកីឡាករ
ដោយឈរលើស្មារតី រួមគ្នាអភិវឌ្ឍន៍វិស័យកីឡាបាល់នៅកម្ពុជា ទីបំផុត! Tiffy Army FC សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ សម្រេចចិត្តបន្តការប្រកួតតាមកាលវិភាគរបស់ក្រុមហ៊ុនលីគកម្ពុជា និងយល់ព្រមតាមការពិន័យមកលើគ្រូបង្គោល កីឡាករ របស់សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ នេហបើតាមការប្រកាសរបស់ក្លិប Tiffy Army FC នៅយប់ថ្ងៃ ពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។
ដំបូងឡើយ មានពាក្យចចាមរាមថា ក្លិបបាល់ទាត់ TIFFY Army FC បានពិចារណាដកខ្លួនចេញពីលីគកំពូលម្ពុជា CPL រដូវកាល 2024/25 ដោយសារការពិន័យយ៉ាងធ្ងន់ធ្ងរពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មកកាន់ក្រុមគ្រូបង្វឹក ក៏ដូចជាកីឡាករ នៅក្នុងការប្រកួតដ៏អយុត្តិធម៌កាលពីសប្ដាហ៍ទី៧ ទល់នឹងក្លិបវិសាខា។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃអង្គារ ផេកផ្លូវការរបស់ 𝗧𝗶𝗳𝗳𝘆 𝗔𝗿𝗺𝘆 បានលុប Poster ការប្រកួតជាមួយ បឹងកេត ចោលថែមទៀតផង។
តែទោះបីជាយ៉ាងណា បញ្ហាតែងមានដំណោះស្រាយ ដោយនៅថ្ងៃទី២៣ ខែតុលានេះ ក្លិបបាល់ទាត់ Tiffy Army បានប្រកាសទាំងយប់ថា ៖«បន្ទាប់ពីការដាក់បណ្ដឹងឧទ្ធរណ៍ និងកិច្ចប្រជុំជាមួយសហព័ន្ធ ព្រមទាំងគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាច្រើនលើកហើយនោះ ថ្នាក់ដឹកនាំសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានសម្រេចចិត្តបន្តការប្រកួតតាមកាលវិភាគរបស់ក្រុមហ៊ុនលីគកម្ពុជា និងយល់ព្រមតាមការពិន័យមកលើគ្រូបង្គោល កីឡាករ របស់សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយឈរលើស្មារតី រួមគ្នាអភិវឌ្ឍន៍វិស័យកីឡាបាល់នៅកម្ពុជាយើង ។ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ សុំណូមពរដល់បងប្អូនអ្នកគាំទ្រ ទាំងអស់សូមបន្តការគាំទ្រ វិស័យបាល់ទាត់កម្ពុជា យើងឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត»។
បើតាមសេចក្ដីប្រកាសរបស់ក្លិប សហព័ន្ធបានពិន័យទៅកាន់ក្លិប Tiffy Army ដូចខាងក្រោម៖
១- បន្ថយការពិន័យគ្រូបង្គោល ភា សុភ័ក្ត្រា របស់សមាគមក្លិបកីឡាបាល់ទាត់កងយោធពល ខេមរភូមិន្ទ ពី០៥(ប្រាំ)ប្រកួត រួមទាំងការព្យួរដោយស្វ័យប្រវត្តិ មកត្រឹមចំនួន០៣(បី) ប្រកួត រួមទាំងការព្យួរដោយស្វ័យប្រវត្តិ និងតម្កល់ទឹកប្រាក់ទុកនូវដដែល។
២- បន្ថយការពិន័យកីឡាករ ជឿន ណាចា របស់សមាគមក្លិបបាល់ទាត់កងយោធពលខេមរ ភូមិន្ទ ចំនួន០២ (ពីរ)ប្រកួត រួមទាំងការព្យួរដោយស្វ័យប្រវត្តិ មកត្រឹមចំនួន០១ (មួយ) ប្រកួត ព្យួរដោយស្វ័យប្រវត្តិ និងលុបចោលការពិន័យជាប្រាក់។
៣- បន្ថយការពិន័យកីឡាករ BALANGA AGOSTINHO JOSEMAR របស់សមាគមក្លិបកីឡា បាល់ទាត់កងយោធពលខេមរភូមិន្ទ ចំនួន០២(ពីរ)ប្រកួតរួមទាំងការព្យួរដោយស្វ័យប្រវត្តិ មកត្រឹមចំនួន០១(មួយ)ប្រកួតព្យួរដោយស្វ័យប្រវត្តិ និងលុបចោលការពិន័យជាប្រាក់។
៤- បន្ថយការពិន័យកីឡាករ អ៊ុព កាម៉ុល របស់សមាគមក្លិបកីឡាបាល់ទាត់កងយោធពល ខេមរភូមិន្ទ ចំនួន០៣(បី)ប្រកួតរួមទាំងការព្យួរដោយស្វ័យប្រវត្តិ មកត្រឹមចំនួន០២(ពីរ) ប្រកួតរួមទាំងការព្យួរដោយស្វ័យប្រវត្តិ និងបន្ថយទឹកប្រាក់មកត្រឹម២៥០.០០០ (ពីរសែន ប្រាំម៉ឺន)រៀល។
គួរបញ្ជាក់ថា ការប្រកួតលីគកំពូលម្ពុជា ឬ Cambodian Premier League រដូវកាល 2024/25 សប្ដាហ៍ទី៧ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ រវាងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (TIFFY Army FC) ទល់នឹងវិសាខា មានភាពចម្រូងចម្រាសបានកើតឡើង ដោយសារការកាត់សេចក្ដីរបស់អាជ្ញារកណ្ដាល៕