ឱកាសឡើងទៅកាន់វគ្គបន្តរបស់ព្រះខ័នរាជស្វាយរៀង កាន់តែខើច ក្រោយភ្លាត់ចាញ់ 𝗠𝗮𝗸𝗮𝘀𝘀𝗮𝗿 ក្នុងដីខ្លួនឯង
កាលពីយប់ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានប្រកួតចាញ់ជើងខ្លាំងរបស់ឥណ្ឌូណេស៊ី PSM MAKASSAR ដោយលទ្ធផល ០-១ ក្នុងការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup នាពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងការប្រកួតដែលធ្វើឡើងក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ ៧,៦០២នាក់ កាលពីយប់មិញនេះ មានគ្រាប់បាល់កើតឡើងតែ១គ្រាប់គត់ ដោយកើតឡើងតាំងពីនាទីទី១ មកម្លេះ ស៊ុតបញ្ជូលទី ដោយកីឡាករ Haljeta របស់ 𝗣𝗦𝗠 𝗠𝗮𝗸𝗮𝘀𝘀𝗮𝗿។ មែនទែនទៅ ការប្រកួតយប់មិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង ស្ទើរតែគ្រប់គ្រងការប្រកួតទាំងមូលទៅហើយ ដោយស្ថិតិគ្រប់គ្រងបាល់ព្រះខ័នរាជស្វាយរៀង ៧០ភាគរយ ទល់នឹង ៣០ភាគរយ។ យ៉ាងណាមិញ ចប់ការប្រកួត៩០នាទី ព្រះខ័នរាជស្វាយរៀង បានចាញ់ 𝗣𝗦𝗠 𝗠𝗮𝗸𝗮𝘀𝘀𝗮𝗿 ក្នុងលទ្ធផល ១-០។
តាមរយៈការបរាជ័យយប់មិញនេះ បានធ្វើឲ្យឱកាសឡើងទៅកាន់វគ្គបន្តរបស់ព្រះខ័នរាជស្វាយរៀង កាន់តែខើច ដ្បិត៣ប្រកួត រកបានតែ ៣ពិន្ទុប៉ុណ្ណោះ ដោយសល់តែ១ប្រកួតប៉ុណ្ណោះ នៅក្នុងដៃ ស្របពេលដែល 𝗠𝗮𝗸𝗮𝘀𝘀𝗮𝗿 បន្តឈរកំពូលតារាង មាន ៧ពិន្ទុ។ ដូច្នេះមួយប្រកួតចុងក្រោយ ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះដាច់ខាត ដើម្បីមានឱកាសអ៊ុតទៅវគ្គបន្ត ហើយប្រសិនបើ ស្មើរ ឬចាញ់ នោះនឹងធ្លាក់ដោយស្វ័យប្រវត្តិ។
តារាងពិន្ទុក្នុងពូល A ៖
១ PSM Makassar មាន ៧ពិន្ទុ
២ Đông Á Thanh Hóa FC មាន ៥ពិន្ទុ
៣ BG Pathum United មាន ៥ពិន្ទុ
៤ Terengganu FC មាន ៤ពិន្ទុ
៥ ព្រះខ័នរាជស្វាយរៀង មាន ៣ពិន្ទុ
៦ Shan United FC មាន ០ពិន្ទុ ។
គួរបញ្ជាក់ថា ក្នុងការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup គឺត្រូវយក២ក្រុមក្នុងមួយពូល ដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕