លោក Pep Guardiola ថា មិនប្រថុយដាក់ De Bruyne ចូលលេងឡេីយ ដោយសារហេតុនេះ
គ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola បាននិយាយថា ខ្សែបម្រើ Kevin de Bruyne អាចនឹងមិនអាចបង្ហាញខ្លួននោះទេ សម្រាប់ការប្រកួត Champions League ទល់នឹងក្រុម Sparta Prague នៅថ្ងៃពុធនេះ ដោយសាររូបគេទើបតែជាពីរបួស ដូច្នេះលោកនឹងមិនប្រញាប់ដាក់រូបគេឲ្យចូលលេងវិញភ្លាមៗនោះទេ។
ខ្សែបម្រើ De Bruyne ដែលមានវ័យ ៣៣ឆ្នាំ បានរងរបួស ពេលប៉ះ Inter Milan ក្នុងក្របខ័ណ្ឌ Champions League កាលពីខែមុន ហើយបានខកខានចំនួន៦ប្រកួតហើយ សម្រាប់ក្រុមខ្លាំងមកពីអង់គ្លេសមួយនេះ។
ជាមួយគ្នានេះ Man City ក៏អវត្តមានខ្សែបម្រើ Rodri និង Oscar Bobb ផងដែរ ដោយសាររបួសរយៈពេលយូរ ប៉ុន្តែលោក Guardiola បាននិយាយថា លោកនឹងមិនប្រញាប់ដាក់ De Bruyne ឲ្យចូលលេងនោះទេ រហូតដល់កីឡាករបែលហ្ស៊ិករូបនេះ ជាសះស្បើយ ១០០ភាគរយ។
លោក Pep Guardiola បានប្រាប់អ្នកយកព័ត៌មានថា៖« លើកលែងតែ Rodri និង Oscar កីឡាករផ្សេងទៀត កំពុងហ្វឹកហាត់ ប៉ុន្តែ Kevin De Bruyne អាចនឹងមិនទាន់ចូលលេងបានទេ។ រូបគេមិនមែនមានបញ្ហារបួសថ្មីទេ ប៉ុន្តែ Kevin មិនជាសះស្បើយទាំងស្រុងនោះទេ ដូច្នេះហើយរូបគេអាចនឹងសម្រាក់បន្ថែម ដើម្បីប្រាកដថា មិនមានហានិភ័យ»។
គួរបញ្ជាក់ថា នៅយប់ថ្ងៃពុធនេះ ក្រុមមេឃខៀវ Man City នឹងត្រូវជួបជាមួយក្រុម Sparta Prague ដែលកំពុងធ្វើបានល្អនៅ UCL ពោលគឺមាន ៤ពិន្ទុ បន្ទាប់ពីយកឈ្នះ RB Salzburg ៣-០ ក្នុងការប្រកួតបើកឆាករបស់ពួកគេ និងស្មើ ១-១ ជាមួយ Stuttgart៕