មិនគួរឲ្យជឿ! ត្រឹម ១៥នាទី ក្រុមខ្លាំង Man City របូតគ្រាប់បាល់រហូតដល់ ៣គ្រាប់
អ្នកចាត់ការ Manchester City លោក Pep Guardiola កំពុងតែធ្លាក់ក្នុងសម្ពាធកាន់តែខ្លាំង បន្ទាប់ពីក្រុមរបស់លោក បានត្រឹមស្មើ ៣-៣ ជាមួយក្រុម Feyenoord ក្នុងក្របខ័ណ្ឌ Champions League ហើយអ្វីដែលមិនគួរឲ្យជឿនោះ ក្រុមម្ចាស់ការពារដំណែងជើងឯក Premier League រូបនេះ របូតគ្រាប់បាល់រហូតដល់ ៣គ្រាប់ ត្រឹមរយៈពេល ១៥នាទីប៉ុណ្ណោះ។
ក្នុងការប្រកួតជុំទី៥ នៅកីឡដ្ឋាន Etihad កាលពីល្ងាចថ្ងៃទី ២៦ ខែវិច្ឆិកា ២គ្រាប់របស់ Erling Haaland និងគ្រាប់បាល់ស៊ុតបញ្ចូលទីពី Ilkay Gundogan បានធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះស្រែកហ៊ោកញ្ជ្រៀវ។ តែយ៉ាងណា សំឡេងហ៊ោ ហាក់ថមថយបន្តិច ក្រោយពេល Anis Hadj Moussa ស៊ុតមួយគ្រាប់មកវិញ ឲ្យ Feyenoord នៅនាទីទី៧៥។ ៧នាទីក្រោយមក កីឡាករ Santiago Gimenez វ័យ ២២ឆ្នាំ រកបានមួយគ្រាប់ទៀត ធ្វើឲ្យតាមបាន ៣-២។ ស្រែកហ៊ោកញ្ជ្រៀវ បានក្លាយជាស្ងប់ស្ងាត់ ក្រោយពេល David Hancko តាមស្មើឱ្យក្រុម Feyenoord នៅនាទីទី៨៩។ ចប់ការប្រកួត៩០នាទី Manchester City ៣-៣ Feyenoord ។
លោក Guardiola ស្ទើតែមិនជឿថា Man City ដែលនាំមុខ ៣-0 រហូតដល់នាទីទី៧៥ ប៉ុន្តែបែរជាបានត្រឹមស្មើ ស្របពេលដែលក្រុម Feyenoord របស់លោក Brian Priske បានក្លាយជាក្រុមដំបូងគេ ក្នុងប្រវត្តិសាស្ត្រ Champions League ដែលវាយបកតាមស្មើ បន្ទាប់ពីត្រូវគេនាំមុខ ៣គ្រាប់ នៅចុងនាទីទី៧៥ ។
នៅចុងបញ្ចប់នៃការប្រកួត ហ្វូងមនុស្សបានលាន់មាត់ថា Man City ដែលជាក្រុមខ្លាំង និងឈ្នះ UCL ក្នុងឆ្នាំ២០២៣ បានធ្លាក់ទៅលេខ១៥ ក្នុងតារាង Champions League ដែលមាន ៣៦ក្រុម។ ការប្រកួតដែលនៅសល់ចំនួន៣ ពួកគេ នឹងត្រូវប្រឈមមុខនឹងក្រុម Juventus, PSG និង Club Brugge ។
គួរបញ្ជាក់ថា ក្រុមរបស់លោក Guardiola ប្រឈមមុខនឹងការសាកល្បងដ៏លំបាកបំផុតរបស់ពួកគេ ក្នុងរដូវកាលនេះ ដោយពួកគេត្រូវជួបក្រុមកំពូលតារាង Premier League គឺក្រុមហង្សក្រហម Liverpool នៅថ្ងៃអាទិត្យ សប្ដាហ៍នេះ។ ប្រសិនបើពួកគេចាញ់ នឹងធ្វើឱ្យ Man City ដេញតាមពីក្រោយហង្សក្រហម ចំនួន ១១ពិន្ទុ៕