អ្នកគាំទ្រ ២នាក់ បានស្លាប់ បន្ទាប់ពីការប្រារព្ធពិធីអបអរពាន Champions League របស់ PSG
អាជ្ញាធរបារាំង បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា អ្នកគាំទ្រ២នាក់បានស្លាប់ បន្ទាប់ពីការប្រារព្ធពិធីទូទាំងប្រទេស សម្រាប់ជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ Paris Saint-Germain ក្នុងពានរង្វាន់ Champions League ដែលជារង្វាន់ដ៏ធំបំផុតរបស់បាល់ទាត់អឺរ៉ុប។
សេវាប៉ូលិសជាតិ បាននិយាយថា ក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ត្រូវបានគេចាក់សម្លាប់ នៅក្នុងទីក្រុង Dax អំឡុងពេលពិធីជប់លៀងតាមដងផ្លូវរបស់ PSG បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃសៅរ៍ នៅទីក្រុង Munich ។ ការិយាល័យរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថា បុរសម្នាក់បានស្លាប់នៅក្នុងទីក្រុងប៉ារីស នៅពេលដែលម៉ូតូរបស់គាត់ត្រូវបានរថយន្តបុក ក្នុងអំឡុងការប្រារព្ធពិធីរបស់ PSG ។
បើតាមការបញ្ជាក់របស់មន្រ្តីប៉ូលីស បានឲ្យដឹងថា ពេលនេះ ករណីរបស់អ្នកស្លាប់ទាំងពីរ កំពុងត្រូវបានស៊ើបអង្កេត ខណៈមនុស្សសរុបចំនួន ២៩៤នាក់ ត្រូវបានចាប់ខ្លួន រួមទាំងមនុស្ស ៣០នាក់ ដែលបានលួចចូលហាងស្បែកជើងមួយកន្លែងនៅ Champs-Elysées។ ប៉ូលិស បានបន្ថែមថា រថយន្តពីរគ្រឿងត្រូវបានគេដុតនៅជិត Parc des Princes។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ PSG បានលើកពាន Champions League ជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីទទួលជ័យជម្នះ ៥-០ លើ Inter Milan នៅវគ្គផ្ដាច់ព្រ័ត្រ៕