Close

សង្ងាត់ៗ! West Ham ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Niclas Fullkrug ពី Dortmund

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ កីឡា
សង្ងាត់ៗ! West Ham ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Niclas Fullkrug ពី Dortmund សង្ងាត់ៗ! West Ham ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Niclas Fullkrug ពី Dortmund

ក្លិបញញួរដែក West Ham United បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់ Niclas Fullkrug ពីក្លិប Borussia Dortmund ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤នេះ។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែក្រុមដែលមានរហស្សនាមថា «ញញួរដែក» ត្រូវបានគេរាយការណ៍ថា បានចំណាយ ២៧លានផោន សម្រាប់ការផ្ទេរកីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះ។

មែនទែនទៅ Niclas Fullkrug ស្ថិតនៅលើរ៉ាដារបស់ក្លឹប West Ham មុនពេលរដូវកាលមុនមកម្លេះ​ ប៉ុន្តែរូបគេបានជ្រើសរើសផ្ទេរពី Werder Bremen ទៅកាន់ក្លឹប Dortmund ដែលជាមិត្តរួមក្រុម Bundesliga ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទី ១៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៦ប្រកួត នៅគ្រប់ការប្រកួតទាំងអស់។

បន្ទាប់ពីមកដល់ទឹកដីអង់គ្លេស Niclas Fullkrug បាននិយាយថា «ខ្ញុំគិតថា Premier League គឺជាលីគបាល់ទាត់ល្អបំផុតនៅក្នុងពិភពលោក ហើយសម្រាប់ខ្ញុំ វាគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការផ្ទេរទៅកាន់ប្រទេសអង់គ្លេស និងលេងឱ្យក្លឹបធំដូចជា West Ham»។

កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានបន្តថា៖«ខ្ញុំបានគិតអំពី West Ham ជាយូរមកហើយ ។ ខ្ញុំស្គាល់នាយកបច្ចេកទេស Tim Steidten ច្បាស់ណាស់ ព្រោះយើងមានប្រវត្តិធ្វើការនៅ Werder Bremen ជាមួយគ្នា ហើយខ្ញុំបានមើលការប្រកួតខ្លះៗ ហើយឃើញពីគុណភាពនៅក្នុងក្រុម»។

គួរបញ្ជាក់ថា កីឡាករ Fullkrug ស្ថិតក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ ផងដែរ ក្នុងព្រឹត្តិការណ៍ Euro 2024 ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៥ប្រកួត៕

អត្ថបទទាក់ទង