Close

អនាគតរបស់ Harry Kane ជាមួយអង់គ្លេស កំពុងក្លាយជាប្រធានបទក្ដៅ បន្ទាប់ពីបរាជ័យ នៅ Euro 2024

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ កីឡា
អនាគតរបស់ Harry Kane ជាមួយអង់គ្លេស កំពុងក្លាយជាប្រធានបទក្ដៅ បន្ទាប់ពីបរាជ័យ នៅ Euro 2024 អនាគតរបស់ Harry Kane ជាមួយអង់គ្លេស កំពុងក្លាយជាប្រធានបទក្ដៅ បន្ទាប់ពីបរាជ័យ នៅ Euro 2024

ខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich កីឡាករ Harry Kane មិនមានចេតនាចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិឡើយ បើទោះបីជាបានស៊ូទ្រាំនឹងការបរាជ័យចុងក្រោយមួយទៀត ជាមួយនឹងក្រុមអង់គ្លេស នៅ Euro 2024 ក៏ដោយ។

ក្នុងព្រឹត្តិការណ៍ Euro 2024 ប្រធានក្រុម Harry Kane បានបញ្ចប់ការប្រកួតក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេជាមួយកីឡាករ ៥នាក់ផ្សេងទៀត ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ ប៉ុន្តែ Kane ត្រូវបានគ្រូបង្វឹកប្ដូរចេញចំនួន៥លើកហើយ ក្នុងចំណោម ៧ប្រកួតរបស់អង់គ្លេស រួមទាំងការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយនឹងក្រុមអេស្ប៉ាញ ផងដែរ។

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានសារភាព បន្ទាប់ពីការបរាជ័យ ២-១ នៅទីក្រុងប៊ែរឡាំង ថា ប្រធានក្រុមរបស់គាត់ មិនអាចធ្វើបាន ដល់កម្រិតដែលយើងទាំងអស់គ្នាសង្ឃឹមទេ។ ការបង្ហាញទម្រង់លេងមិនសូវបានល្អរបស់ Kane បូករួម នឹងលេចធ្លោរបស់ Ollie Watkins និង Ivan Toney ដែលធ្វើបានយ៉ាងល្អនៅ Euro ឆ្នាំនេះ បាននាំឱ្យមានការវែកញែកលើអនាគត់របស់ Kane ថាតើរូបគេអាចនឹងបន្តជាប់ ក្នុងក្រុមជម្រើសជាតិ ឬយ៉ាងណា។

ប៉ុន្តែបើយោងតាមសារព័ត៌មាន Daily Telegraph អ្នកដែលស្និទ្ធនឹង Kane បានច្រានចោលការលើកឡើងថា គាត់អាចនឹងត្រូវចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ(ជម្រើសជាតិ) ហើយជឿថា គាត់មានបំណងលេងឱ្យក្រុមអង់គ្លេស នៅ World Cup 2026 និងលើសពីនេះ។

គួរបញ្ជាក់ថា Harry Kane បានស៊ុតបញ្ចូលទីបាន ៦៦គ្រាប់ ក្នុង ៩៨ប្រកួត សម្រាប់ប្រទេសអង់គ្លេស។ មិនតែប៉ុណ្ណោះ អតីតខ្សែប្រយុទ្ធ Tottenham Hotspur រូបនេះ ស៊ុតបញ្ចូលទីបាន ៤៤គ្រាប់នៅក្នុងយុទ្ធនាការដំបូងរបស់គាត់ សម្រាប់ក្លឹប Bayern Munich បន្ទាប់ពីចាកចេញពី Tottenham កាលពីរដូវក្តៅមុន៕