កម្ពុជា-ចិន ពិភាក្សាគ្នាលើកិច្ចប្រតិបត្តិការ១០ចំណុច ផ្ដោតលើទេសចរណ៍ វប្បធម៌ កីឡា សិល្បៈ វិនិយោគ និងពាណិជ្ជកម្ម
(ប៉េកាំង)៖ គណៈប្រតិភូជួរមុខក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលជួបពិភាក្សាការងារជាមួយលោក ស្ស៉ឺ ចឺអ៉ី (Shi Zeyi) អនុប្រធានការិយាល័យផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌និងទេសចរណ៍ចិន ផ្តោតលើប្រធានបទសំខាន់ៗយ៉ាងហោចមាន១០ចំណុច។
គួរជម្រាបថា សម្តេចតេជោនាយករដ្ឋមន្រ្តីមកធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈខាងមុខ ដែលជាទស្សនកិច្ចជាប្រវត្តិសាស្រ្តមួយរបស់ឥស្សរជនកំពូលបរទេសទី១មកចិន ក្រោយពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ក្នុងន័យរឹតបន្តឹងចំណងមិត្តភាពដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មីឱ្យបានកម្រិតថ្មីមួយទៀត ហើយក៏បានបង្កើតឱកាសមាសដល់ប្រតិភូក្រសួងទេសចរណ៍កម្ពុជាបានចូលជួបពិភាក្សាការងារផ្ទាល់ជាមួយសាមីក្រសួងក្រោយវិបត្តិកូវីដ១៩។
ភាគីទាំងពីរបានពិភាក្សាគ្នាផ្តោតលើចំនុចសំខាន់ខាងក្រោម៖
១. អបអរសាទរខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌសហគមន៍ជោគវាសនារួមគ្នាតែមួយ។
២. ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពធនធានមនុស្សជូនមន្រ្តីរាជការ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ មានដូចជា មគ្គុទេសក៍ទេសចរណ៍ និងបុគ្គលិកជួរមុខ ដែលនិយាយភាសាចិន ជាពិសេសស្នើសុំភាគីចិនចូល រួមការផ្តល់យោបល់ធាតុចូលថ្មីៗ ដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសៀវភៅស (China Ready) ស្របតាម និន្នាការទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។
៣. ជំរុញឱ្យមានការហោះហើរត្រង់ពីគោលដៅសំខាន់ៗនៃប្រទេសចិនមកកាន់កម្ពុជា ក្រោយពីកែសម្រួលវិធានការណ៍។
៥. លើកទឹកចិត្តការរៀបចំខ្សែទស្សនកិច្ចរបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍របស់ប្រទេសទាំង២។
៦. ជំរុញឱ្យមានខ្សែទស្សនកិច្ចទេសចរណ៍ ពិសេសរវាងរដ្ឋ និងឯកជននៃប្រទេសទាំង២។
៧. ព្រឹត្តិការណ៍ SEA Games លើកទី៣២ និង ASEAN Para Games លើទី១២ ឆ្នាំ២០២៣។
៨. ការរៀបចំព្រឹត្តិការណ៍កីឡាភ្ជាប់ជាមួយវេទិកាធុររកិច្ច វិនិយោគទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជា-ចិន។
៩. សហការរៀបចំពិព័ណ៌ម្ហូបអាហារ តន្រ្តី វប្បធម៌ កីឡា ដែលមានការចុះបញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO។
១០. ការរួមគ្នាសម្តែងសិល្បក្បាច់ប្រដាល់បុរាណខ្មែរ (ល្បុកតោ) និងការសម្តែងក្បាច់គុណចិនសៅលីង (Shaolin) ដែលមានបញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO ថ្មីៗ ដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងឆ្នាំទស្សនាកម្ពុជា ២០២៣។
គួររំលឹកថា ផែនការសកម្មភាព ២០២៣-២០២៥ បានពិនិត្យ និងឯកភាពក្រោមកម្រិតជំនាញរវាងក្រសួងទាំង២ដែលបានដឹកនាំឱ្យលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃក្រសួងទេសចរណ៍កម្ពុជា ដោយបានផ្លាស់ប្តូរយោបល់ក្នុងកិច្ចប្រជុំឧត្តមន្រ្តីទេសចរណ៍អាស៊ានកាលពីពេលថ្មីៗនេះនៅដើមសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២៣៕