Close

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុវៀបចំវេទិការនៅប្រទេសចិនដើម្បីទាក់វិនិយោគិន

ដោយ៖ Chhan Sreyka ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុវៀបចំវេទិការនៅប្រទេសចិនដើម្បីទាក់វិនិយោគិន ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុវៀបចំវេទិការនៅប្រទេសចិនដើម្បីទាក់វិនិយោគិន

ខេត្តជាំងស៊ូ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង រដ្ឋបាលខេត្តព្រះសីហនុ សហការរៀបចំ «វេទិកាជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» នៅសណ្ឋាគារ Crowne Plaza ទីក្រុងហ័ងសាន ខេត្តអានហ៊ួយ នាថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៥ និង «វេទិកាកិច្ចសហប្រតិបត្តិការវិនិយោគខេត្តជាំងស៊ូ-ព្រះសីហនុ» នៅសណ្ឋាគារ Nanjing Grand Hotel ទីក្រុងណានជីង ខេត្តជាំងស៊ូ នាថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ ។

ការរៀបចំវេទិកាទាំងពីរនេះ មានគោលបំណងទាក់ទាញការចាប់អារម្មណ៍របស់វិនិយោគិនចិន មកវិនិយោគនៅខេត្តព្រះសីហនុ ដែលមានចំណុចទាក់ទាញសំខាន់ៗ ដូចជា ផលប្រយោជន៍យុទ្ធសាស្ត្រក្នុងតំបន់, ហេដ្ឋារចនាសម្ព័ន្ធដ៏សំបូរបែប និង រស់រវើក, យន្តការគាំទ្រ និង អត្ថប្រយោជន៍ពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។

ក្រោមការដឹកនាំ និង ចង្អុលបង្ហាញរបស់ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ, លោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរសមុទ្រ និងមានការចូលរួមពីលោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ នឹងដឹកនាំរៀបចំវេទិកាទាំងពីរខាងលើ ព្រមទាំងមានបទបង្ហាញបច្ចេកទេសដូចជា ១-ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, ២-កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ (បន្តរហូតដល់ដំណាច់ឆ្នាំ ២០២៥), ៣- ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផែនការអភិវឌ្ឍអនាគត, ៤-ការអភិវឌ្ឍសួនឧស្សាហកម្មក្នុងខេត្តព្រះសីហនុ, ៥-ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, និង ៦-វេទិកាសន្ទនា និងបណ្តាញ។

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុវៀបចំវេទិការនៅប្រទេសចិនដើម្បីទាក់វិនិយោគិន

តាមរយៈការកំណត់យកខេត្តព្រះសីហនុ ដើម្បីប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ-បំណង, វិនិយោគិនអាចទាញយកឱកាសពីហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ ដូចជា កំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ទីផ្សារប្រទេសកម្ពុជា ។ វេទិកានេះ នឹងផ្តោតសំខាន់លើសក្កដានុពលរបស់ខេត្តព្រះសីហនុ សម្រាប់ការវិនិយោគលើវិស័យជាច្រើន ដូចជា ឡូជីស្ទីក, ទេសចរណ៍, សំណង់ និង ផលិតកម្ម ជាដើម ។

«ផ្អែកលើទំនាក់ទំនងរឹងមាំ រវាងកម្ពុជា-ចិន រួមទាំងទំនាក់ទំនងរវាងខេត្តអានហ៊ួយ, ខេត្តជាំងស៊ូ និងបណ្តាខេត្តក្រុងនានានៃប្រទេសចិន និងខេត្តព្រះសីហនុនៃប្រទេសកម្ពុជា និង ក្នុងគោលបំណងស្វែងរកការរីកចម្រើនរួមគ្នា រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្តប្តេជ្ញាអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាគោលដៅទាក់ទាញ សម្រាប់ឧស្សាហកម្ម និង វិនិយោគ ។ ក្រុមការងារ និង រដ្ឋបាល ខេត្តព្រះសីហនុ នឹងធ្វើការជាមួយដៃគូនានា ដើម្បីសិក្សាអំពីឱកាសសហការនានា និង ការជំរុញវិនិយោគ ទាំងក្នុងបច្ចប្បន្ន និង អនាគត ។»

ក្នុងន័យនេះ សូមវិស័យឯកជន ចូលរួមក្នុងវេទិកាវិនិយោគនេះ និងស្វែងយល់ពីសក្ដានុពលដ៏ធំធេងរបស់ខេត្តព្រះសីហនុ និង លើកកម្ពស់ភាពជាដៃគូ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ព្រមទាំងអាចទាញយកអត្ថប្រយោជន៍ពិសេសដែលផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ និង មែនមែនសារពើពន្ធ ដែលលើសពីច្បាប់ រួមទាំងការសម្របសម្រួល ដោះស្រាយសំណូមពរ និង សេវាថែទាំវិនិយោគដោយឥតគិតថ្លៃ ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងមក លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង (WeChat) ៖ +៨៥៥ ១២ ៩០២ ២០០/+៨៥៥ ៧៧ ៧៥១ ៥១០/+៨៥៥ ១៦ ៣២១ ០១០ និង +៨៥៥ ៨៦ ៨៦១ ៦៩៨ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕