មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ប្តេជ្ញាបិទច្រកសមុទ្រ Hormuz
មេដឹកនាំកំពូលថ្មីរបស់ប្រទេសអ៊ីរ៉ង់ លោក Mojtaba Khamenei បានប្រកាសថា អ៊ីរ៉ង់នឹងបន្តបិទច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងសំខាន់បំផុតមួយរបស់ពិភពលោក។ សារនេះត្រូវបានផ្សាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ប៉ុន្តែលោកមិនបានបង្ហាញខ្លួនដោយផ្ទាល់ទេ ដោយសារនេះត្រូវបានអានជំនួសដោយអ្នកអានព័ត៌មាន។
លោក Khamenei បានបញ្ជាក់ថា អ៊ីរ៉ង់នឹង “សងសឹកឈាម” ប្រជាជនអ៊ីរ៉ង់ដែលបានស្លាប់ក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយបានព្រមានដល់ប្រទេសជិតខាងឱ្យបញ្ឈប់ការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធានៅលើទឹកដីរបស់ពួកគេ។
លោកត្រូវបានតែងតាំងជាមេដឹកនាំកំពូលនៅថ្ងៃទី៨ ខែមីនា បន្ទាប់ពីឪពុករបស់លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅថ្ងៃដំបូងនៃសង្គ្រាម។ ក្នុងការវាយប្រហារដែលសម្លាប់ឪពុករបស់លោក នោះ ក៏បានធ្វើឱ្យប្រពន្ធ និងកូនប្រុសម្នាក់របស់លោក Mojtaba ស្លាប់ផងដែរ ខណៈដែលមានរបាយការណ៍ថា ម្តាយរបស់លោកក៏អាចស្លាប់ក្នុងហេតុការណ៍ដូចគ្នា ទោះបីមានប្រភពខ្លះនិយាយថានាងនៅរស់ក៏ដោយ។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ ដោយដកស្រង់មន្ត្រីអ៊ីរ៉ង់ម្នាក់ដែលមិនបញ្ចេញឈ្មោះថា លោក Mojtaba Khamenei បានរងរបួសស្រាលក្នុងការវាយប្រហារ ប៉ុន្តែមិនមានព័ត៌មានលម្អិតបន្ថែម។ ចាប់តាំងពីលោកឡើងកាន់តំណែងមក គេមិនទាន់ឃើញលោកបង្ហាញខ្លួនជាសាធារណៈ ឬមានរូបភាព និងវីដេអូថ្មីៗនោះទេ។
ក្នុងសារលើកដំបូងដែលគេជឿថាជារបស់លោក លោកបាននិយាយថា អ៊ីរ៉ង់គួរប្រើ “ការទប់ស្កាត់ច្រកសមុទ្រ Hormuz” ព្រោះតំបន់នេះជាកន្លែងដែលសត្រូវងាយរងគ្រោះ។ លោកក៏បានបញ្ជាក់ថា អ៊ីរ៉ង់នឹងបន្តវាយប្រហារលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
ទោះជាយ៉ាងណា លោកបានអះអាងថា អ៊ីរ៉ង់នៅតែមានគោលនយោបាយ “មិត្តភាព” ជាមួយប្រទេសជិតខាង។ លោកបាននិយាយថា អ៊ីរ៉ង់មានព្រំដែនគោក ឬសមុទ្រជាមួយប្រទេសជិតខាងចំនួន ១៥ ហើយតែងតែស្វែងរកទំនាក់ទំនងល្អជាមួយពួកគេ។ ប៉ុន្តែលោកក៏បានអំពាវនាវឱ្យប្រទេសទាំងនោះបិទមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Khamenei ក៏បានលើកឡើងពីអ្វីដែលលោកហៅថា “ឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ” ដូចជាករណីវាយប្រហារលើសាលារៀនមួយនៅទីក្រុង Minab ភាគខាងត្បូងអ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា អ្នកស៊ើបអង្កេតអាមេរិកជឿថា កងកម្លាំងអាមេរិកបានវាយប្រហារខុសគោលដៅទៅលើសាលារៀនមួយដែលស្ថិតនៅជិតមូលដ្ឋានយោធា។
លោកបាននិយាយថា លោកបានដឹងអំពីការតែងតាំងរបស់ខ្លួនជាមេដឹកនាំកំពូលតាមរយៈទូរទស្សន៍រដ្ឋដូចគ្នានឹងប្រជាជនទូទៅ បន្ទាប់ពីសភាអ្នកជំនាញបានសម្រេចលទ្ធផលបោះឆ្នោត។
ច្រកសមុទ្រ Hormuz ជាផ្លូវដឹកជញ្ជូនប្រេងសំខាន់ ដែលប្រហែលមួយភាគប្រាំនៃប្រេងពិភពលោកឆ្លងកាត់ទីនោះ។ ការគំរាមបិទច្រក និងការវាយប្រហារលើនាវាដឹកប្រេងនៅក្នុងឈូងសមុទ្រ បានធ្វើឱ្យតម្លៃប្រេងពិភពលោកកើនឡើងយ៉ាងខ្លាំង។
កាលពីថ្ងៃពុធ ទីក្រុងតេអេរ៉ង់បានព្រមានថា តម្លៃប្រេងអាចឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល ហើយបានប្រកាសថា នាវាដឹកប្រេងណាមួយដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ពួកគេ អាចក្លាយជាគោលដៅវាយប្រហារ។
ទីភ្នាក់ងារថាមពលអន្តរជាតិ ក៏បានព្រមានដែរថា ទីផ្សារប្រេងពិភពលោកកំពុងប្រឈមមុខនឹង “ការរំខានការផ្គត់ផ្គង់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ”៕
