Close

លោក ម៉ាង ស៊ីណេត ស្នើខេត្តអានហ៊ួយ របស់ចិនជួយជំរុញវិនិយោគគិន និងភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុច្រើនថែមទៀត

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 2:31 am ព័ត៌មានជាតិ
លោក ម៉ាង ស៊ីណេត ស្នើខេត្តអានហ៊ួយ របស់ចិនជួយជំរុញវិនិយោគគិន និងភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុច្រើនថែមទៀត លោក ម៉ាង ស៊ីណេត ស្នើខេត្តអានហ៊ួយ របស់ចិនជួយជំរុញវិនិយោគគិន និងភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុច្រើនថែមទៀត

ភ្នំពេញ៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្នើសុំ លោក WANG QING XIAN អភិបាលខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន ជួយជំរុញវិនិយោគគិន និងភ្ញៀវទេសចរ ឱ្យទៅបណ្តាក់ទុនវិនិយោគ និងទស្សនាកំសាន្តនៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនថែមទៀត។

លោក ម៉ាង ស៊ីណេត បានស្នើបែបនេះ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពេលលោក ពិភាក្សាការងារជាមួយលោក វ៉ាង ឈីងស៊ាន (WANG QING XIAN)អភិបាលខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងហ័ងសាន។

បន្ថែមពីលើនេះទៀត លោក ម៉ាង ស៊ីណេត ស្នើសុំ អភិបាលខេត្តអានហ៊ួយ ជួយជំរុញការរៀបចំតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តអានហ៊ួយ ទៅខេត្តព្រះសីហនុ។ ជាមួយគ្នានេះ លោកក៏បានអញ្ជើញឯកឧត្តមអភិបាលខេត្តអានហ៊ួយ ទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ទៅតាមពេលវេលាសមស្របណាមួយ។

ជាការឆ្លើយតប លោអភិបាលខេត្តអានហ៊ួយ បានទទួលយកសំណើរបស់ លោក អភិបាលខេត្តព្រះសីហនុ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម។

ជាពិសេស លោកនឹងខិតខំជំរុញការរៀបចំជើងហោះហើរត្រង់ពីខេត្តអានហ៊ួយទៅកាន់ខេត្តព្រះសីហនុផងដែរ។ លោកក៏បានបញ្ជាក់ថាលោក នឹងឆ្លៀតពេលវេលាសមស្របដើម្បីទៅទស្សនកិច្ចនៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះផងដែរ។

លោក ម៉ាង ស៊ីណេតស្នើខេត្តអានហ៊ួយរបស់ចិនជួយជំរុញវិនិយោគគិន និងភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុច្រើនថែមទៀត

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា និងចិន បានបង្កើតជាផ្លូវការក្នុងឆ្នាំ១៩៥៨ គិតមកដល់ឆ្នាំនេះមាន រយៈពេល៦៧ឆ្នាំហើយ ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមក។

ទំនាក់ទំនងនេះជាទំនាក់ទំនង (មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ) ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាង យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបច្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។

លោក ម៉ាង ស៊ីណេតស្នើខេត្តអានហ៊ួយរបស់ចិនជួយជំរុញវិនិយោគគិន និងភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុច្រើនថែមទៀត

តាមរយៈទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក្នុងនោះ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម (Letter of Intent) ជាមួយទីក្រុងស៊ូចូវ នៃខេត្តអានហ៊ួយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ដោយបានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌ ការអប់រំ កីឡា អនាម័យ ធនធានមនុស្ស និងទេសចរណ៍។ ហើយស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ និងស្រុកយ៉ុងឈាវ នៃក្រុងស៊ូចូវ ក៏បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម (Letter of Intent) កាលពីឆ្នាំ២០១៦ ដោយព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌ ការអប់រំ កីឡា អនាម័យ ធនធានមនុស្ស និងទេសចរណ៍ ផងដែរ។

ក្រោមលទ្ធផលផ្លែផ្កានេះ ខេត្តទាំងពីរក៏បានបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការមិត្តភាព និងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតខេត្តសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ដែលនឹងធ្វើឡើងនៅថ្ងៃស្អែកនេះ(ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥)។

ផ្អែកតាមគោលការណ៍សមភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយភាគីទាំងពីរនឹងផ្លាស់ប្តូរទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ការអប់រំ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម៕



លោក ម៉ាង ស៊ីណេតស្នើខេត្តអានហ៊ួយរបស់ចិនជួយជំរុញវិនិយោគគិន និងភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុច្រើនថែមទៀត