សម្តេចតេជោសម្រេចប្រគល់ដី ២ហិកតា តម្លៃជាង ១០លានដុល្លារ កសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រ្តីស្នាក់នៅ ៥០០នាក់

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្រេចក្នុងនាមជាមេគ្រួសារ ដី ២ហិកតា តម្លៃជាង ១០លានដុល្លារ នៅតំបន់ជ្រោយចង្វារ ដើម្បីកសាងអន្ទេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រ មកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចបែបនេះ ក្រោយពេលដែលសម្តេច អនុញ្ញតឱ្យ ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការងារនារីចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ នៅវិមាន៧មករា រាជធានីភ្នំពេញនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។
នៅលើបណ្តាញសង្គមហ្វេស៊ុកផ្ទាល់ខ្លួនសម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ព្រឹកមិញ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ ខ្ញុំបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្ទេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ»។
សម្តេចបន្តថា «បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេច៖ ១.យកដី ២ហិកតា ដែលទិញតម្លៃជាង១០លានដុល្លារ សម្រាប់សាងសង់ ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួង កិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន។
សម្តេចបន្ថែមថា «ការសាងសង់សម្រាប់និស្សិតស្រ្តី ស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ ស្នាក់នៅ ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ដូចនេះយើង ត្រូវកសាងចំនួន ១២០បន្ទប់។យើងត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជម្ងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ»។
សម្តេចតេជោ សង្កត់ធ្ងន់ថា «ក្រោយការសាងសង់នឹងប្រគល់ជូនជា សម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។ខ្ញុំសង្ឃឹមថាអន្ទេវាសិកដ្ឋាននេះនឹងជួយ កាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការ ចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ»៕