Close

តម្លៃប្រេង និងឧស្ម័នធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ អះអាងថា សង្គ្រាមនឹងបញ្ចប់ឆាប់ៗ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
តម្លៃប្រេង និងឧស្ម័នធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ អះអាងថា សង្គ្រាមនឹងបញ្ចប់ឆាប់ៗ តម្លៃប្រេង និងឧស្ម័នធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ អះអាងថា សង្គ្រាមនឹងបញ្ចប់ឆាប់ៗ

វ៉ាស៊ីនតោន៖ តម្លៃប្រេង និងឧស្ម័ននៅលើទីផ្សារពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សង្គ្រាមជាមួយអ៊ីរ៉ង់ «នឹងបញ្ចប់ឆាប់»។

តម្លៃប្រេងឆៅធ្លាប់ឡើងជិតដល់ ១២០ ដុល្លារ ក្នុងមួយបារ៉ែល កាលពីថ្ងៃចន្ទ ដោយសារការព្រួយបារម្ភថា ជម្លោះនេះអាចរំខានយូរអង្វែងដល់ការផ្គត់ផ្គង់ថាមពលពីតំបន់មជ្ឈិមបូព៌ា។ ទោះយ៉ាងណា បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក ត្រាំ តម្លៃប្រេងបានធ្លាក់ចុះមកក្រោម ៩០ ដុល្លារវិញ។ ទោះបីជាតម្លៃប្រេងនៅតែខ្ពស់ជាងមុនពេលសង្គ្រាមក៏ដោយ ក៏ទីផ្សារភាគហ៊ុនសកលបានស្ទុះងើបឡើងវិញផងដែរ។

ថៅកែក្រុមហ៊ុនប្រេងយក្ស Aramco របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសនាំចេញប្រេងធំបំផុតក្នុងពិភពលោក បានព្រមានថា អាចមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលសំខាន់របស់ពិភពលោក នៅតែត្រូវរារាំង។ជាធម្មតា ប្រហែលមួយភាគប្រាំនៃប្រេងពិភពលោក ត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រតូចចង្អៀតនេះ។ ប៉ុន្តែចរាចរណ៍នាវាបានផ្អាកច្រើន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជាងមួយសប្តាហ៍មកហើយ។

តម្លៃប្រេង និងឧស្ម័នធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ អះអាងថា សង្គ្រាមនឹងបញ្ចប់ឆាប់ៗ

នាយកប្រតិបត្តិ Aramco លោក Amin Nasser បានព្រមានថា ស្តុកប្រេងពិភពលោកស្ថិតនៅកម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ហើយការរាំងស្ទះក្នុងការផ្គត់ផ្គង់អាចធ្វើឱ្យស្តុកត្រូវបានប្រើប្រាស់ក្នុងអត្រាលឿនជាងមុន។ លោកបានថ្លែងថា៖«ការរំខានដែលអូសបន្លាយយូរ នឹងមានផលវិបាកធ្ងន់ធ្ងរជាងមុនសម្រាប់សេដ្ឋកិច្ចពិភពលោក»។

ទីផ្សារប្រេងនៅតែមានភាពប្រែប្រួលខ្លាំងកាលពីថ្ងៃអង្គារ។ នៅពេលមួយ តម្លៃប្រេងគោលបានធ្លាក់ចុះដល់ប្រមាណ ៨២ ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីរដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright បានបង្ហោះលើបណ្តាញសង្គម X ថា សហរដ្ឋអាមេរិកបានបញ្ជូននាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យ។ ប៉ុន្តែមិនយូរប៉ុន្មាន តម្លៃបានឡើងវិញដល់ប្រហែល ៨៦ ដុល្លារ បន្ទាប់ពីការបង្ហោះនោះត្រូវបានលុបចេញពីគណនីរបស់លោក។

ក្រោយមក សេតវិមានបានបញ្ជាក់ថា កងទ័ពជើងទឹកអាមេរិក មិនបានអមដំណើរនាវាដឹកប្រេងណាមួយឆ្លងកាត់ច្រកសមុទ្រនោះឡើយ។ អ្នកព្យាករណ៍ផ្លូវការរបស់រដ្ឋាភិបាលអង់គ្លេសបានព្រមានថា ជម្លោះនេះអាចធ្វើឱ្យអតិផរណានៅចក្រភពអង់គ្លេសកើនឡើងជិត ៣% នៅចុងឆ្នាំនេះ ប្រសិនបើតម្លៃថាមពលនៅតែខ្ពស់ ដោយលើសពីការព្យាករណ៍មុនដែលស្ថិតនៅប្រមាណ ២%។

ក្នុងពេលដូចគ្នា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបើកកិច្ចប្រជុំលើកទីពីរជាមួយប្រទេសក្រុម G7 ដើម្បីពិភាក្សាពីវិធានការធ្វើឱ្យទីផ្សារប្រេងមានស្ថិរភាព រួមទាំងជម្រើសបញ្ចេញប្រេងឆៅរាប់លានបារ៉ែលពីស្តុកយុទ្ធសាស្ត្ររបស់ប្រទេសនានា។

កាលពីថ្ងៃចន្ទ លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋ Florida ថា សហរដ្ឋអាមេរិកបានធ្វើសកម្មភាពយោធាមួយចំនួន ដើម្បី «កម្ចាត់អំពើអាក្រក់» ហើយបានបន្ថែមថា ជម្លោះនេះអាចនឹងមានរយៈពេលខ្លី។ក្រោយមក លោកបានសរសេរនៅលើបណ្តាញសង្គមថា ប្រសិនបើអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz និងរារាំងលំហូរប្រេង នោះអ៊ីរ៉ង់នឹងត្រូវរងការវាយប្រហារដោយសហរដ្ឋអាមេរិក «ខ្លាំងជាងមុនដល់ទៅ ២០ ដង»។

ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានអះអាងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នឹង «មិនអនុញ្ញាតឱ្យប្រេងមួយលីត្រណាមួយ ត្រូវបាននាំចេញពីតំបន់នេះឡើយ» ប្រសិនបើមានការគំរាមកំហែងបន្ថែម។ ការអត្ថាធិប្បាយរបស់លោក ត្រាំ បានបង្កើនក្តីសង្ឃឹមថា ជម្លោះនឹងមិនពង្រីកបន្តទៀត ហើយតម្លៃប្រេងប្រភេទ Brent បានធ្លាក់មកប្រហែល ៨៨,៨០ ដុល្លារ ក្នុងមួយបារ៉ែល។

យ៉ាងណាក៏ដោយ តម្លៃនេះនៅតែខ្ពស់ជាងមុនពេលសង្គ្រាមចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលប្រេង Brent មានតម្លៃប្រហែល ៧៣ ដុល្លារ ក្នុងមួយបារ៉ែល។ ការកើនឡើងតម្លៃប្រេងបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកើនឡើងផងដែរ។

យោងតាមសមាគមរថយន្តអាមេរិក តម្លៃសាំងមធ្យមនៅអាមេរិកបានឡើងលើស ៣,៥០ ដុល្លារ ក្នុងមួយហ្គាឡុង បើប្រៀបធៀបនឹងប្រមាណ ២,៩២ ដុល្លារ កាលពីខែមុន ខណៈប្រេងម៉ាស៊ូតបានកើនពី ៣,៦៦ ដុល្លារ ដល់ ៤,៧៨ ដុល្លារ ក្នុងរយៈពេលដូចគ្នា។ នៅចក្រភពអង់គ្លេស ក្រុមហ៊ុន RAC បានឱ្យដឹងថា តម្លៃសាំងមធ្យមបានឡើងដល់ ១៣៨,៩៥ ភេននី ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតឡើងដល់ ១៥៥,១២ ភេននី។

តម្លៃប្រេង និងឧស្ម័នធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ អះអាងថា សង្គ្រាមនឹងបញ្ចប់ឆាប់ៗ

ក្នុងពេលដូចគ្នា តម្លៃឧស្ម័នធម្មជាតិក៏បានធ្លាក់ចុះផងដែរ ដោយតម្លៃសម្រាប់ការចែកចាយក្នុងមួយខែ នៅចក្រភពអង់គ្លេសបានធ្លាក់មកនៅប្រមាណ ១១៩ ភេននី ក្នុងមួយ therm បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ ១៧១ ភេននី កាលពីថ្ងៃចន្ទ។

លោក Alberto Bellorin ស្ថាបនិក និងនាយកគ្រប់គ្រងក្រុមហ៊ុនវិនិយោគប្រេង និងឧស្ម័ន InterCapital Energy បាននិយាយថា ការធ្លាក់ចុះតម្លៃប្រេងបានផ្តល់ឱកាសឱ្យពាណិជ្ជករអាច «ដកដង្ហើមស្រួលបន្តិច» ប៉ុន្តែទីផ្សារថាមពលនៅតែស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។
លោកបានបន្ថែមថា តម្លៃប្រេងអាចនឹងឡើងវិញ ប្រសិនបើជម្លោះកើនឡើង ហើយអាចធ្លាក់ចុះ ប្រសិនបើស្ថានការណ៍ធូរស្រាល។

ក្តីសង្ឃឹមថាជម្លោះអាចបញ្ចប់បានឆាប់ បានជួយលើកទីផ្សារភាគហ៊ុនអឺរ៉ុប។ សន្ទស្សន៍ FTSE 100 នៅទីក្រុងឡុងដ៍ កើនឡើង ១,៦% ខណៈ DAX របស់អាល្លឺម៉ង់ កើន ២,៣% និង CAC 40 របស់បារាំង កើន ១,៨%។ នៅអាស៊ី សន្ទស្សន៍ Nikkei 225 របស់ជប៉ុន បិទឡើង ២,៩% ខណៈ Kospi របស់កូរ៉េខាងត្បូង កើនឡើងដល់ ៥,៤%។

ចំណែកទីផ្សារអាមេរិកវិញ បានធ្លាក់ចុះបន្តិច ដោយសន្ទស្សន៍ S&P 500 និង Dow Jones បិទធ្លាក់ចុះ ០,២% និង ០,១% រៀងគ្នា។ ក្រុមប្រទេស G7 បាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការ «ចាំបាច់» ប្រសិនបើតម្លៃប្រេងបន្តឡើងខ្ពស់។

ទោះជាយ៉ាងណា លោក Robin Mills នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាថាមពល Qamar Energy បានប្រាប់ BBC ថា ប្រទេសនានាក៏នៅតែមានការស្ទាក់ស្ទើរក្នុងការបញ្ចេញប្រេងពីស្តុកយុទ្ធសាស្ត្រយ៉ាងឆាប់រហ័ស ព្រោះ «នៅពេលដែលស្តុកបម្រុងត្រូវបានប្រើប្រាស់ វាមិនអាចយកត្រឡប់មកវិញភ្លាមៗបានទេ»។

ទន្ទឹមនឹងនេះ អធិការបតីអង់គ្លេស លោកស្រី Rachel Reeves បានអំពាវនាវឱ្យមានការបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា និងធានាសុវត្ថិភាពសម្រាប់នាវាដឹកជញ្ជូនក្នុងតំបន់។ លោកស្រីបានបញ្ជាក់ថា ចក្រភពអង់គ្លេសត្រៀមខ្លួនគាំទ្រការបញ្ចេញស្តុកប្រេងរួមរបស់ IEA ប្រសិនបើចាំបាច់។ មុនពេលសង្គ្រាមចាប់ផ្តើម ទីផ្សារហិរញ្ញវត្ថុបានរំពឹងថា ចក្រភពអង់គ្លេសអាចកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ ប៉ុន្តែការកើនឡើងនៃតម្លៃប្រេងបានបង្កើនការព្រួយបារម្ភអំពីអតិផរណា។

ទិន្នផលមូលបត្របំណុលរដ្ឋាភិបាលអង់គ្លេសរយៈពេលពីរឆ្នាំ បានធ្លាក់មកនៅប្រហែល ៣,៨៦% បន្ទាប់ពីឡើងដល់ ៤,១៥% កាលពីថ្ងៃចន្ទ។ មុនពេលជម្លោះចាប់ផ្តើម វាស្ថិតនៅប្រហែល ៣,៥%៕