ការរស់នៅប្រចាំថ្ងៃនៅអាស៊ី កំពុងរងផលប៉ះពាល់ពីវិបត្តិប្រេងឥន្ធនៈដោយសារសង្គ្រាមនៅអ៊ីរ៉ង់
អាស៊ី៖ ការបិទច្រកសមុទ្រ Hormuz បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ បានធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោក។ការនេះ បានធ្វើឱ្យតម្លៃប្រេងបានកើនឡើង ខណៈទីផ្សារភាគហ៊ុនបានធ្លាក់ចុះ ពេលដែលពិភពលោកកំពុងរង់ចាំមើលថាតើអ៊ីរ៉ង់នឹងអនុញ្ញាតឱ្យផ្លូវទឹកដ៏សំខាន់នេះ ដែលមានចំណែកប្រហែល ២០% នៃការដឹកជញ្ជូនប្រេងពិភពលោក បើកដំណើរការឡើងវិញនៅពេលណា។
បច្ចុប្បន្ន មានតែកប៉ាល់មួយចំនួនតិចប៉ុណ្ណោះដែលឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ។ ខណៈពេលដូចគ្នា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ បានជំរុញឱ្យតម្លៃប្រេងកាន់តែខ្ពស់ឡើង។ជាក់ស្តែង មិនមានតំបន់ណាដែលរងផលប៉ះពាល់ខ្លាំងជាងអាស៊ីឡើយ ព្រោះប្រហែល ៩០% នៃប្រេង និងឧស្ម័នដែលឆ្លងកាត់ច្រកនេះ ត្រូវបាននាំទៅកាន់ប្រទេសអាស៊ី។

រដ្ឋាភិបាលជាច្រើនបានបញ្ជាឱ្យនិយោជិតធ្វើការពីផ្ទះ កាត់បន្ថយថ្ងៃធ្វើការ ប្រកាសថ្ងៃឈប់សម្រាកជាតិ និងបិទសាកលវិទ្យាល័យមុនកាលកំណត់ ដើម្បីរក្សាថាមពល។សូម្បីតែប្រទេសចិន ដែលត្រូវបានគេគិតថាមានទុនបម្រុងប្រេងគ្រប់គ្រាន់សម្រាប់ការនាំចូលរយៈពេលបីខែ ក៏កំពុងធ្វើការកែតម្រូវ ដោយគ្រប់គ្រងការឡើងថ្លៃប្រេង ខណៈប្រជាពលរដ្ឋប្រឈមមុខនឹងការឡើងថ្លៃប្រហែល ២០%។
ទោះបីសង្គ្រាមនេះស្ថិតនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រក៏ដោយ ប្រជាជននៅទូទាំងអាស៊ីបានប្រាប់ BBC អំពីផលប៉ះពាល់ពិតប្រាកដដែលវាកំពុងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។
ប្រទេសហ្វីលីពីន
កាលពីថ្ងៃអង្គារ ប្រទេសហ្វីលីពីនបានប្រកាសអាសន្នថ្នាក់ជាតិ ដោយព្រួយបារម្ភអំពីជម្លោះ និង “គ្រោះថ្នាក់ជិតមកដល់” ដែលបណ្តាលមកពីការខ្វះខាត និងភាពមិនស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល។ផលប៉ះពាល់ពីសង្គ្រាមដែលស្ថិតនៅចម្ងាយជាង ៧,០០០ គីឡូម៉ែត្រ កំពុងត្រូវបានប៉ះពាល់ផ្លូវអារម្មណ៍យ៉ាងខ្លាំង ជាពិសេសចំពោះអ្នកបើកបររថយន្ត Jeepney។
លោក Carlos Bragal Jr បានឃើញប្រាក់ចំណូលប្រចាំថ្ងៃរបស់គាត់ធ្លាក់ចុះយ៉ាងខ្លាំង ពីប្រហែល ១,០០០–១,២០០ ប៉េសូ សម្រាប់ការងារ ១២ ម៉ោង មកត្រឹមតែ ២០០–៥០០ ប៉េសូប៉ុណ្ណោះ។
លោកបាននិយាយថា៖ “ខ្ញុំបានផ្គត់ផ្គង់ការសិក្សារបស់កូនស្រីខ្ញុំដោយការងារនេះ។ ម្នាក់បានបញ្ចប់ការសិក្សា និងម្នាក់ទៀតកំពុងសិក្សា។ ពីមុនយើងរស់នៅសមរម្យ ប៉ុន្តែឥឡូវនេះយើងមិនដឹងថាអនាគតនឹងទៅជាយ៉ាងណាទេ។ ប្រសិនបើស្ថានភាពនេះបន្ត វានឹងបំផ្លាញជីវិតគ្រួសារយើង។”
មិនត្រឹមតែអ្នកបើកបររថយន្តប៉ុណ្ណោះទេ អ្នកនេសាទ និងកសិករផងដែរ កំពុងប្រឈមនឹងការចំណាយប្រេងខ្ពស់។ កសិករដាំបន្លែមួយចំនួននៅ Bulacan ត្រូវបានបង្ខំឱ្យបញ្ឈប់ការដាំដុះ។
ទោះបីរដ្ឋាភិបាលបានផ្តល់ជំនួយសាច់ប្រាក់ក៏ដោយ លោក Carlos បាននិយាយថា វាមិនគ្រប់គ្រាន់ឡើយ ព្រោះអាចប្រើបានត្រឹមពីរថ្ងៃប៉ុណ្ណោះ។

ប្រទេសថៃ
លោកស្រី Sirima Songklin អ្នកអានព័ត៌មាននៅស្ថានីយ៍ Thai PBS បានចូលរួមយុទ្ធនាការសន្សំសំចៃថាមពល ដោយដោះអាវធំក្នុងពេលផ្សាយផ្ទាល់ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនស្លៀកពាក់សមរម្យក្នុងអាកាសធាតុក្តៅ។លោកស្រីបាននិយាយថា វាមិនមែនជាដំណោះស្រាយពេញលេញទេ ប៉ុន្តែជាការបង្ហាញពីការយកចិត្តទុកដាក់ និងជាគំរូសម្រាប់សង្គម។
រដ្ឋាភិបាលថៃក៏បានណែនាំឱ្យប្រជាជនកំណត់ម៉ាស៊ីនត្រជាក់នៅ ២៦–២៧ អង្សាសេ និងលើកទឹកចិត្តឱ្យធ្វើការពីផ្ទះ។ ទោះជាយ៉ាងណា អាជ្ញាធរបានអះអាងថាប្រទេសនៅតែមានថាមពលគ្រប់គ្រាន់។
ប្រទេសស្រីលង្កា
លោក Dimuthu នៅទីក្រុងកូឡុំបូ បាននិយាយថា៖“ពីមុន ប្រទេសគ្មានលុយទិញប្រេងឥន្ធនៈ ប៉ុន្តែឥឡូវមានលុយ តែគ្មានប្រេងឥន្ធនៈឱ្យទិញ។”
បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០២២ ស្រីលង្កាកំពុងព្យាយាមស្ដារឡើងវិញ ប៉ុន្តែវិបត្តិថ្មីនេះបានបង្កការលំបាកបន្ថែម។
ការតម្រង់ជួរវែងនៅស្ថានីយ៍ប្រេងឥន្ធនៈ បានធ្វើឱ្យមនុស្សជាច្រើនមិនអាចទៅធ្វើការបាន។

ប្រទេសមីយ៉ាន់ម៉ា
នៅមីយ៉ាន់ម៉ា អាជ្ញាធរបានដាក់អនុវត្តគោលនយោបាយប្រើប្រាស់យានយន្តតាមថ្ងៃគូ-សេស ដើម្បីសន្សំប្រេង។
លោក Ko Htet បាននិយាយថា វាបានប៉ះពាល់ដល់ជីវិតសង្គមរបស់គាត់ ដោយត្រូវរៀបចំការជួបជុំទៅតាមថ្ងៃកំណត់។ គាត់ក៏បារម្ភអំពីទីផ្សារខ្មៅប្រេងឥន្ធនៈដែលអាចកើតឡើង។
ប្រទេសឥណ្ឌា
ប្រទេសឥណ្ឌាបានរងផលប៉ះពាល់យ៉ាងខ្លាំង ព្រោះប្រហែល ៦០% នៃ LPG ត្រូវបាននាំចូល ហើយប្រហែល ៩០% នៃការដឹកជញ្ជូនឆ្លងកាត់ច្រក Hormuz។
នៅរដ្ឋ Gujarat ឧស្សាហកម្មសេរ៉ាមិកត្រូវបានបិទ ដោយសារខ្វះឧស្ម័ន។ មនុស្សប្រហែល ៤០០,០០០ នាក់បានបាត់បង់ការងារ ឬស្ថិតក្នុងភាពមិនប្រាកដប្រជា។
នៅទីក្រុង Mumbai ភោជនីយដ្ឋានជាច្រើនត្រូវបិទ ឬកាត់បន្ថយសកម្មភាព ខណៈប្រជាជនត្រូវតម្រង់ជួរយូរ ដើម្បីទិញហ្គាស។តំណាងសមាគមភោជនីយដ្ឋានបាននិយាយថា ស្ថានភាពគឺ “អាក្រក់ខ្លាំង”៕
https://www.bbc.com/news/articles/c1450zj6n48o