កម្ពុជា–អ៊ុយក្រែន ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈកិច្ចព្រមព្រៀង MoU
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ុយក្រែន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តឡើងតាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃអង្គារ ទី ២៤ ខែមីនា ឆ្នាំ ២០២៦ ក្រោមការតំណាងរបស់ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។ ខាងភាគីអ៊ុយក្រែន ត្រូវបានតំណាងដោយលោក វ៉ាឡឺរី កូរ៉ូល (Valeriy Korol) អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ុយក្រែន។

ពិធីនេះក៏មានការចូលរួមពី ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារលេខាធិការដ្ឋាន ខណៈភាគីអ៊ុយក្រែន មានលោកស្រី ក្សេនីយ៉ា អូហូរ៉ូដនីក (Kseniia Ohorodnyk) ប្រធានផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃស្ថានទូតអ៊ុយក្រែនប្រចាំកម្ពុជា (មាននិវេសនដ្ឋាននៅវៀតណាម) ចូលរួមផងដែរ។
ក្នុងឱកាសនោះ ឧកញ៉ា សុខ ពិសិដ្ឋ បានលើកឡើងថា កិច្ចព្រមព្រៀងនេះជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។តាមរយៈ MoU នេះ ភាគីទាំងពីរ នឹងបង្កើតក្របខ័ណ្ឌសហការដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការចែករំលែកព័ត៌មានទីផ្សារ និងការគាំទ្រដល់សហគមន៍ធុរកិច្ច ក្នុងការស្វែងរកឱកាសថ្មីៗ។

បន្ថែមពីនេះ សភាពាណិជ្ជកម្មកម្ពុជា ក៏បានបង្ហាញការត្រៀមខ្លួនក្នុងការសហការរៀបចំព្រឹត្តិការណ៍នានា ដូចជា ពិព័រណ៍ វេទិកាធុរកិច្ច សិក្ខាសាលា និងសន្និសីទ ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ប្រទេសទាំងពីរ។
ជាផ្នែកនៃការឆ្លើយតប ភាគីអ៊ុយក្រែន បានបង្ហាញចេតនាខ្លាំងក្នុងការជំរុញកិច្ចសហការឱ្យមានប្រសិទ្ធភាពជាក់ស្តែង ដោយស្នើឱ្យរៀបចំសន្និសីទធុរកិច្ចតាមប្រព័ន្ធអនឡាញ (Joint Online Business Forum) ដើម្បីជំរុញការតភ្ជាប់អាជីវកម្មរវាងភាគីទាំងពីរ (B2B) និងលើកកម្ពស់ការចែករំលែកព័ត៌មាន។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ រួមមាន វិស័យកសិកម្ម ម្ហូបអាហារ បច្ចេកវិទ្យាព័ត៌មាន និងភស្តុភារកម្ម ដែលត្រូវបានមើលឃើញថាមានសក្តានុពលខ្ពស់ក្នុងការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ។
ឧកញ៉ា សុខ ពិសិដ្ឋ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ គឺជាចំណុចចាប់ផ្តើមនៃភាពជាដៃគូរយៈពេលវែង ហើយសភាពាណិជ្ជកម្មកម្ពុជា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីអ៊ុយក្រែន ដើម្បីបម្លែងកិច្ចសហប្រតិបត្តិការនេះឱ្យក្លាយជាលទ្ធផលជាក់ស្តែងសម្រាប់សហគ្រិន និងវិនិយោគិននៃប្រទេសទាំងពីរ៕


