វិស័យឯកជនរៀបចំសិក្ខាសាលា៖ «យើងគាំទ្រផលិតផលជាតិ និង ការត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរលើទីផ្សារ»
ភ្នំពេញ៖ ស្ថាប័នជីអេស១កម្ពុជា គាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥បានរៀបចំសិក្ខាសាលា “យើងគាំទ្រផលិតផលជាតិ” ឬ Khmer First: Supporting Local Products 884 ក្រោមប្រធានបទ “ការត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរលើទីផ្សារ” ដើម្បីពង្រីកវិសាលភាពសហគ្រិនភាពកម្ពុជា ដោយបង្ហាញពីដំណើរការ និងលក្ខខណ្ឌតម្រូវ ក្នុងការបញ្ជូលផលិតផលសម្រេច ឬពាក់កណ្តាលសម្រេចទៅក្នុងផ្សារទំនើប និងទីផ្សារអន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ជីអេស១កម្ពុជា ឱ្យដឹងថា សិក្ខាសាលានេះ ផ្តោតសំខាន់លើការផ្លាស់ប្តូរ និងអភិវឌ្ឍន៍អាជីវកម្មក្នុងស្រុកអោយកាន់តែប្រសើរលើគុណភាព ការវេចខ្ចប់ និងការបំពេញលក្ខខណ្ឌតម្រូវរបស់ទីផ្សារស្តង់ដារ តាមរយៈ បទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញលើវិស័យលក់រាយ ផ្សារទំនើប វិស័យធនាគារ ផ្នែកទីផ្សារ និងស្តង់ដារកំណត់របស់ផលិតផលតាមប្រភេទនីមួយៗ។
ប្រភពដដែលបន្តថា សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និង ស្ថាប័នបារកូដ សមាគមពាក់ព័ន្ធ ដៃគូធនាគារ ដៃគូផ្សារលក់រាយ ផ្សារទំនើប អាជីវករ ផលិតករ និង ពាណិជ្ជករប្រមាណជាង ១៥០នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា សិក្ខាសាលានេះ មានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជករ ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក្នុងការរៀបចំខ្លួនឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទទួលបាន បទពិសោធន៍ពិតជាក់ស្តែង តាមរយ:បទបង្ហាញ អំពីនីតិវិធី និងលក្ខខណ្ឌផ្សេងៗ ក្នុងការជំរុញផលិតផលចូលផ្សារទំនើប ឬម៉ាតនានា។
ជាមួយគ្នានេះ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ធុរជន អាជីវករ ផលិតករ និង ពាណិជ្ជករ ព្រមទាំងសមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាស្ថាប័នជីអេស១កម្ពុជា និងអ្នកចូលរួមទាំងអស់ ត្រូវតែពង្រឹង និងពង្រីកសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន ចេះរៀបចំផែនការហិរញ្ញវត្ថុ និងទីផ្សារ ពង្រឹងលើ ស្តង់ដារគុណភាព និងអនុលោមភាពនានា ដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ និង សម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ ។
ដោយឡែក លោក អាលវីដ ស្វាកសិនប័ក អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា “សិក្ខាសាលា យើងគាំទ្រផលិតផលជាតិ ឬ Khmer First, Supporting Local Products 884 គឺជាគំនិតផ្តួចផ្តើមយ៉ាងសំខាន់ ដែលបង្ហាញពីសិល្បៈនៃការច្នៃប្រឌិត និងស្មារតីសហគ្រិនរបស់អ្នកផលិតជនជាតិខ្មែរ។
លោកបន្តថា ការវិនិយោគក្នុងការផលិតក្នុងស្រុក គឺជាការរួមចំណែកសំខាន់មួយក្នុងការបង្កើតសេដ្ឋកិច្ចប្រកបដោយចីរភាព។ ធនាគារស្ថាបនា បានត្រៀមខ្លួនធ្វើជាដៃគូដែលមិនត្រឹមតែជួយបំពេញនូវចន្លោះហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវដំណោះស្រាយសេវាធនាគារ ដែលជំរុញអោយផលិតផលក្នុងស្រុកនៃវិស័យពាណិជ្ជកម្មកម្ពុជាមានការរីកចម្រើន។”
សូមបញ្ជាក់ថា សិក្ខាសាលានេះ មិនត្រឹមតែជាវេទិការចែករំលែកចំណេះដឹង វិធីសាស្ត្រ និងអនុសាស្ត្រប៉ុណ្ណោះទេ ទេ តែថែមទាំងជាឱកាសផ្គូរផ្គងអាជីវកម្ម ជំរុញផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត ដើម្បីលើកកម្ពស់ការប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចក្នុងស្រុកឱ្យសម្បូរបែប ក្នុងការរួមចំណែកបង្កើតមុខទំនិញ សេវាកម្ម ការងារ និង ផលិតភាព ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារអោយកាន់តែទូលំទូលាយ ៕