Close

ក្រុមហ៊ុន Plug and Play សម្រេចវិនិយោគលើកដំបូងលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុន Plug and Play សម្រេចវិនិយោគលើកដំបូងលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ក្រុមហ៊ុន Plug and Play សម្រេចវិនិយោគលើកដំបូងលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Plug and Play ប្រកាសពីការវិនិយោគលើកដំបូងរបស់ខ្លួនលើធុរកិច្ចថ្មីឌីជីថល Bamnang (បំណង) ដែលជា Superapp សម្រាប់សិស្ស-និស្សិតដំបូងគេនៅកម្ពុជាដែលនេះជាការបោះជំហានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល ដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា ក្រុមហ៊ុន Plug and Play បានវិនិយោគដំបូងបំផុតនៅកម្ពុជា ជាមួយធុរកិច្ចថ្មីឌីជីថល Bamnang Holdings Pte. Ltd. ដែលជា “Super-app” ជួយដល់សិស្សនិស្សិតក្នុងការស្វែងរកទីកន្លែងស្នាក់នៅដោយផ្សារភ្ជាប់ជាមួយនឹងការអប់រំ ដូចជាការប្រឹក្សាយោបល់ពីគ្រូបង្វឹក និងប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាជំនួយការឆ្លាតវៃ ដើម្បីជួយនិស្សិតក្នុងការជ្រើសរើសជំនាញសិក្សា សាកលវិទ្យាល័យ អាហារូបករណ៍ និងអាជីពការងារផ្សេងៗ នៅក្នុងកម្មវិធីទូរស័ព្ទដៃ (Bamnang App) ដើម្បីជំរុញការលូតលាស់ផ្នែកចំណេះដឹងសម្រាប់សិស្ស-និស្សិត ដែលជាសសរទ្រូងនៃការអភិវឌ្ឍប្រទេសកម្ពុជា។

ក្រុមហ៊ុន Plug and Play សម្រេចវិនិយោគលើកដំបូងលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា

មជ្ឃមណ្ឌលបច្ចេកវិទ្យា Plug and Play Cambodia ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៥ ក្រោមការសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center។ Plug and Play គឺជាក្រុមហ៊ុនវិនិយោគទុន (Venture Capital) ដ៏សកម្មបំផុតមួយក្នុងសលកលោក ហើយកំពុងប្រតិបត្តិការនៅកម្ពុជា ផ្ដល់ការបណ្ដុះបណ្ដាលពន្លឿនអាជីវកម្ម នាំយកធុរកិច្ចថ្មីឌីជីថលដែលមានសក្ដានុពលទៅទីផ្សារអន្ដរជាតិ និងឱកាសស្វែងរកការវិនិយោគដែលជាចំណុចដ៏សំខាន់នៅក្នុងជំហានវិវត្ដជាវិជ្ជមានរបស់ធុរកិច្ចថ្មីឌីជីថលកម្ពុជា និងជួយជំរុញប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍កម្ពុជា។

កម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល (Accelerator Program) រដូវកាលទី១ មានធុរកិច្ចថ្មីឌីជីថល ចំនួន១០ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីដែលគ្របដណ្តប់លើវិស័យដូចជា៖ SaaS, បញ្ញាសិប្បនិម្មិត, ភស្តុភារកម្ម, ការអប់រំ, ហិរញ្ញវត្ថុ, កសិកម្ម, អចលនទ្រព្យ និងឱសថសាស្រ្ដ។ ក្នុងចំណោមនោះ Bamnang ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដែលមានសកម្មភាពលេចធ្លោនិងមានសក្ដានុពលក្នុងការដោះស្រាយបញ្ហាប្រឈមដែលយុវជនកម្ពុជាកំពុងប្រឈម។

លោក Jupe Tan នាយកគ្រប់គ្រងនៃ Plug and Play APAC បានលើកឡើងថា៖ “Plug and Play ស្វែងរកធុរកិច្ចថ្មីឌីជីថលដែលបង្កើតដំណោះស្រាយដែលមានឥទ្ធិពលទាំងក្នុងស្រុក និង ក្នុងតំបន់។

Bamnang បានបង្ហាញឱ្យឃើញនូវចំណុចទាំងនេះតាមរយៈថ្នាលឌីជីថលរបស់ខ្លួន (Bamnang App) និង ចក្ខុវិស័យរបស់ក្រុមការងារBamnang ក្នុងការផ្តល់ឱកាសដល់សិស្ស-និស្សិត ពង្រឹងខ្លួនឯងបន្ថែម។ ការវិនិយោគនេះគឺជាជំហានដ៏ធំមួយដែលឆ្លុះបញ្ចាំងពីគុណភាពរបស់ស្ថាបនិកដែលកំពុងលេចធ្លោចេញពីប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា។” ការវិនិយោគនេះគឺជាចំណុចរបត់ដ៏សំខាន់សម្រាប់ Bamnang ក្នុងការឈានជើងពីដំណោះស្រាយបញ្ហាក្នុងស្រុកទៅជាដៃគូប្រកួតប្រជែងក្នុងតំបន់។ តាមរយៈបណ្តាញតភ្ជាប់របស់ Plug and Play នៅ Silicon Valley និងទីស្នាក់ការកណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅប្រទេសសិង្ហបុរី។ ធុរកិច្ចថ្មីឌីជីថល Bamnang ទទួលបានអត្ថប្រយោជន៍ជាច្រើនពីការឈានចូលទីផ្សារអន្តរជាតិ ការយល់ដឹងពីបទបញ្ញត្តិ ក៏ដូចជាការតភ្ជាប់បណ្តាញវិនិយោគិនសកល។

ក្រុមហ៊ុន Plug and Play សម្រេចវិនិយោគលើកដំបូងលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា

កញ្ញា សេង រ័ត្នសេដ្ឋាមុនី នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន Bamnang បានលើកឡើងថា៖ “Bamnang ក្លាយជាធុរកិច្ចថ្មីឌីជីថលដំបូងគេនៅកម្ពុជា ដែលទទួលបានការគាំទ្រពី Plug and Play មិនត្រឹមតែជាសមិទ្ធផលដ៏ធំធេងសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងថាធុរកិច្ចថ្មីឌីជីថលកម្ពុជា អាចបង្ហាញខ្លួននៅលើឆាកអន្តរជាតិផងដែរ។ ក្រៅពីនេះBamnang ទន្ទឹងរង់ចាំស្វាគមន៍ដៃគូរយៈពេលវែងបន្ថែមទៀត ដើម្បីជួយក្នុងការពង្រីកសេវាកម្មស្នាក់នៅ ការប្រឹក្សាយោបល់ និង ប្រព័ន្ធបញ្ញាសិប្បនិម្មិតជំនួយជួយនិស្សិតក្នុងការជ្រើសរើសជំនាញ សាកលវិទ្យាល័យ អាហារូបករណ៍ និងអាជីពការងារនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឆ្លៀតក្នុងឱកាសនេះ Bamnang សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត សម្រាប់ទស្សនៈវិស័យក្នុងការជួយដល់ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា។” ក្រៅពីការគាំទ្រផ្នែកហិរញ្ញវត្ថុ Bamnang ក៏ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីសកលរបស់ Plug and Play ដែលធ្លាប់បានវិនិយោគលើក្រុមហ៊ុនដែលមានតម្លៃដល់ទៅ ១ពាន់លាន ដុល្លារអាមេរិក (Unicorns) ដូចជា Dropbox, PayPal និង Rappi ជាដើម។
ថ្ងៃអនាគត Bamnang មានចក្ខុវិស័យក្នុងការពង្រឹងថ្នាលឌីជីថលរបស់ខ្លួន (Bamnang App) ដោយរួមបញ្ចូលជាមួយបច្ចេកវិទ្យាកម្រិតខ្ពស់ រួមមានការតាមដានការសិក្សាដែលដំណើរការដោយ បញ្ញាសិប្បនិម្មិតការផ្គូរផ្គងការប្រឹក្សាឆ្លាតវៃ និងជំនាញសិក្សាសមស្របតាមសិស្ស-និស្សិតនីមួយៗ។ មុខងារទាំងនេះត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយគម្លាតរវាងឱកាសសិក្សាក្នុងទីក្រុងនិងជនបទ ដោយបង្កើនលទ្ធភាពនិងទទួលបានកន្លែងស្នាក់នៅធនធានអប់រំនិងបណ្តាញការងារសម្រាប់សិស្ស-និស្សិតទាំងក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានា៕