បង់ក្លាដែសប្រកាសបិទសាកលវិទ្យាល័យ ក្រោយមានវិបត្តិប្រេងឥន្ធនៈ
ទីក្រុង Dhaka៖ ប្រទេស Bangladesh ប្រកាសថានឹងបិទសាកលវិទ្យាល័យទាំងអស់ចាប់ពីថ្ងៃចន្ទ (៩ មីនា) ដោយយកឱកាសថ្ងៃឈប់សម្រាកនៃបុណ្យ Eid al-Fitr មកអនុវត្តមុនកាលកំណត់។
វិធានការនេះជាផ្នែកមួយនៃការឆ្លើយតបបន្ទាន់របស់រដ្ឋាភិបាល ដើម្បីសន្សំសំចៃអគ្គិសនី និងប្រេងឥន្ធនៈ ខណៈប្រទេសកំពុងប្រឈមមុខនឹងវិបត្តិថាមពលដែលកាន់តែធ្ងន់ធ្ងរ ទាក់ទងនឹងជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
អាជ្ញាធរបានឱ្យដឹងថា ការសម្រេចចិត្តនេះអនុវត្តចំពោះសាកលវិទ្យាល័យសាធារណៈ និងឯកជនទាំងអស់នៅទូទាំងប្រទេស។ មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា វិធានការនេះមិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្ធូរបន្ថយការកកស្ទះចរាចរណ៍ ដែលបណ្តាលឱ្យមានការប្រើប្រាស់ប្រេងឥន្ធនៈច្រើនផងដែរ។
មន្ត្រីបានបន្ថែមថា សាកលវិទ្យាល័យប្រើប្រាស់អគ្គិសនី យ៉ាងច្រើនសម្រាប់សាលលំនៅដ្ឋាននិស្សិត ថ្នាក់រៀន មន្ទីរពិសោធន៍ និងប្រព័ន្ធម៉ាស៊ីនត្រជាក់។ ដូច្នេះ ការបិទសាកលវិទ្យាល័យមុនកាលកំណត់នឹងជួយបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធថាមពលដែលកំពុងតានតឹងរបស់ប្រទេស។

សាលារៀនរដ្ឋ និងឯកជននៅក្នុងប្រទេសបង់ក្លាដែស ត្រូវបានបិទរួចហើយក្នុងអំឡុងខែបរិសុទ្ធ Ramadan ដែលមានន័យថា ស្ថាប័នអប់រំភាគច្រើននៅទូទាំងប្រទេសនឹងបន្តបិទក្នុងអំឡុងពេលនេះ។
វិធានការនេះត្រូវបានអនុវត្ត ខណៈប្រទេសបង់ក្លាដែសកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ន បន្ទាប់ពីទីផ្សារថាមពលពិភពលោករងការរំខានដោយសារជម្លោះនៅមជ្ឈិមបូព៌ា។
ប្រទេសនេះពឹងផ្អែកលើការនាំចូលប្រហែល ៩៥ ភាគរយ នៃតម្រូវការថាមពលរបស់ខ្លួន។ កាលពីថ្ងៃសុក្រ រដ្ឋាភិបាលបានដាក់កម្រិតប្រចាំថ្ងៃលើការលក់ប្រេងឥន្ធនៈ បន្ទាប់ពីមានការទិញ និងស្តុកទុកដោយភាពភ័យខ្លាចពីការខ្វះខាត។
ជាផ្នែកមួយនៃវិធានការរឹតត្បិតកាន់តែទូលំទូលាយ រដ្ឋាភិបាលក៏បានស្នើឱ្យសាលាបង្រៀនភាសាបរទេស និងមជ្ឈមណ្ឌលបណ្តុះបណ្តាលឯកជនទាំងអស់ផ្អាកប្រតិបត្តិការ ជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី។
ការខ្វះខាតឧស្ម័នយ៉ាងធ្ងន់ធ្ងរ ក៏បានបង្ខំឱ្យបង់ក្លាដែសបញ្ឈប់ប្រតិបត្តិការរោងចក្រផលិតជីចំនួន ៤ ក្នុងចំណោម ៥ របស់រដ្ឋ ដោយបង្វែរឧស្ម័នដែលមានស្រាប់ទៅឱ្យរោងចក្រផលិតអគ្គិសនីវិញ ដើម្បីជៀសវាងការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ។
ក្នុងពេលដំណាលគ្នា ប្រទេសនេះក៏បានទិញ Liquefied Natural Gas (LNG) ពីទីផ្សារភ្លាមៗក្នុងតម្លៃខ្ពស់ ខណៈកំពុងស្វែងរកការផ្គត់ផ្គង់បន្ថែម ដើម្បីបំពេញចន្លោះខ្វះខាតថាមពល។
មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងថាមពលបាននិយាយថា៖ “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ និងធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល ឥន្ធនៈ និងការនាំចូល”។ ប្រភព៖ Reuters៕
