រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរចិនជាង ១៤,០០០ នាក់ ក្នុងរយៈពេល ២ ខែឆ្នាំនេះ
ភ្នំពេញ៖ រមណីយដ្ឋានអង្គរដ៏ល្បីល្បាញរបស់កម្ពុជា បានទាក់ទាញភ្ញៀវទេសចរចិនសរុបចំនួន ១៤,៣៣៤ នាក់ ក្នុងអំឡុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុន្តែចំនួននេះបានធ្លាក់ចុះ ៣៩ ភាគរយ បើប្រៀបធៀបនឹង ២៣,៥៣៦ នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
របាយការណ៍របស់ គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋ បានឱ្យដឹងថា ប្រទេសចិនគឺជាប្រភពទី៤ នៃភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកាន់តំបន់បេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ បន្ទាប់ពី សហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស។

មានទីតាំងស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ឧទ្យានបុរាណអង្គរ មានផ្ទៃដីប្រហែល ៤០១ គីឡូម៉ែត្រការ៉េ និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា។ តំបន់នេះមានប្រាសាទបុរាណចំនួន ៩១ ប្រាសាទ ដែលបានសាងសង់ចាប់ពី សតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៣។
លោក ថោង ម៉េងដាវិដ អនុប្រធានមជ្ឈមណ្ឌលសិក្សាចិន–អាស៊ាន នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា បានមានប្រសាសន៍ថា ការធ្លាក់ចុះនៃភ្ញៀវទេសចរចិនអាចពាក់ព័ន្ធនឹងបញ្ហា ឆបោកតាមអ៊ីនធឺណិត និង ភាពតានតឹងនៅតំបន់ព្រំដែនជាមួយប្រទេសថៃ។
លោកបានប្រាប់ស៊ីនហួថា៖
“ដោយមានការគាំទ្រពីការតភ្ជាប់ផ្លូវអាកាសដ៏រឹងមាំ និងការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ខ្ញុំជឿជាក់ថា គោលនយោបាយសាកល្បង គ្មានទិដ្ឋាការ (Visa-Free) សម្រាប់ជនជាតិចិន ដែលគ្រោងអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នឹងជួយទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនមកកម្ពុជា ជាពិសេសទៅកាន់រមណីយដ្ឋានអង្គរ ក្នុងឆ្នាំនេះ។”
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា កម្ពុជានឹងលុបបំបាត់ មជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត នៅក្នុងខែមេសា ឆ្នាំ២០២៦ ដើម្បីពង្រឹងសុវត្ថិភាព និងជំរុញវិស័យទេសចរណ៍៕

