សមត្ថកិច្ចខេត្តសៀមរាបចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវជាតិលេខ ៦
សៀមរាប៖ ក្រុមការងារអនុគណៈកម្មការសុត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅលើដងផ្លូវជាតិលេខ៦ ក្នុងស្រុកពួក។
ការចុះអនុវត្តនេះ បន្ទាប់ពីបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន។
ប្រតិបត្តិការនេះ មានការចូលរួមសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពួក និងកម្លាំងកងរាជអាវុធហត្ថស្រុក ផងដែរ។
ក្រុមការងារបានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀន ផ្សព្វផ្សាយណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួននៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ៕