Close

Bellingham ប្ដេជ្ញាជួយក្លិប និងលើកពានធំៗក្នុងនាមកីឡាកជម្រើសជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡា
Bellingham ប្ដេជ្ញាជួយក្លិប និងលើកពានធំៗក្នុងនាមកីឡាកជម្រើសជាតិ Bellingham ប្ដេជ្ញាជួយក្លិប និងលើកពានធំៗក្នុងនាមកីឡាកជម្រើសជាតិ

ខ្សែបម្រើក្រុមស្ដេចស Real Madrid និងជាក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Jude Bellingham សង្ឃឹមថា នឹងឈ្នះអ្វីគ្រប់យ៉ាងជាមួយក្លិប និងជម្រើសជាតិនៅរដូវកាលនេះបន្ទាប់ពីទទួលបានពានរង្វាន់ Kopa Trophy សម្រាប់កីឡាករអាយុក្រោម ២១ឆ្នាំ ល្អបំផុតនៅលើពិភពលោក កាលពីថ្ងៃដើមសប្ដាហ៍នេះ។

ខណៈពេលដែលឈរនៅលើវេទិកា ដើម្បីទទួលពានរង្វាន់ Golden Boy 2023 Jude Bellingham បាននិយាយថា៖ “ខ្ញុំគ្រាន់តែចង់អរគុណអ្នកគ្រប់គ្នា ដែលបានជួយខ្ញុំសម្រេចបានសមិទ្ធផលនេះ តាំងពីក្រុម Birmingham City, Borussia Dortmund, Real Madrid រហូតដល់ក្រុមជម្រើសជាតិអង់គ្លេស។ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺគ្រួសារខ្ញុំ ឪពុកម្តាយខ្ញុំនៅយប់នេះ ។ អរគុណច្រើនសម្រាប់ការគាំទ្រ ពិតជាមានន័យខ្លាំងណាស់”។

តារាវ័យ ២០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា៖ “ការឈ្នះពាននេះ មានន័យច្រើន ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺការឈ្នះពានជាមួយក្រុម។ ឥឡូវនេះខ្ញុំមានពានរង្វាន់នេះ។ អ្វីដែលសំខាន់នោះ គឺខ្ញុំព្យាយាមបន្តលេង និងព្យាយាមជួយ Real Madrid និងអង់គ្លេស ឈ្នះពានជាឲ្យបានច្រើន»។

គួរឲ្យដឹងថា Bellingham បានវ៉ាដាច់កីឡាករវ័យក្មេងល្អៗផ្សេងទៀតដូចជា Jamal Musiala, Pedri, Eduardo Camavinga និង Gavi ដើម្បីឈ្នះពាន Kopa Trophy ខណៈនេះជាលើកទីមួយហើយ ដែលកីឡាករអង់គ្លេស ឈ្នះពានរង្វាន់នេះ។

សរុបមក នេះគឺជាជំហានដ៏ល្អឥតខ្ចោះ សម្រាប់ Bellingham ក្នុងក្តីស្រមៃខ្ពស់ជាងនេះដោយគោលដៅគឺ Ballon d’Or ។ រដូវកាលនេះ Bellingham កំពុងលេងយ៉ាងល្អ សម្រាប់ក្រុម Real Madrid ដោយបានស៊ុតបញ្ជូលទីចំនួន ១៣គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣ប្រកួត រួមទាំងការស៊ុតបញ្ចូលទីចំនួន២គ្រាប់ ទល់នឹង Barca ក្នុងការប្រកួត El Clasico ថ្មីៗនេះ។

Bellingham ត្រូវបានគេចាត់ទុកថាជាបេក្ខភាពដ៏មានសាក្ដានុពលបំផុត សម្រាប់ពានរង្វាន់ Ballon d’Or នាពេលអនាគត រួមជាមួយ Kylian Mbappe, Gavi, Vinicius Junior និង Erling Haaland ជាដើម៕

អត្ថបទទាក់ទង