Close

Antony Santos ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីល ដកចេញពីក្រុម បន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភបំពានរាងកាយ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
Antony Santos ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីល ដកចេញពីក្រុម បន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភបំពានរាងកាយ Antony Santos ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីល ដកចេញពីក្រុម បន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភបំពានរាងកាយ

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល   (CBF) នៅថ្ងៃអង្គារ ទី០៥ ខែកញ្ញានេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Antony Santos ត្រូវបានដកចេញពីក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតជម្រុះ World Cup 2026 របស់ពួកគេ ជាមួយនឹងក្រុមបូលីវី និងប៉េរូ បន្ទាប់ពីមានការចោទប្រកាន់ថា បានបំពានរាងកាយ។

មែនទែនទៅ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល UOL បានចេញផ្សាយការចោទប្រកាន់ពីអតីតមិត្តស្រីរបស់ Antony គឺនាង Gabriela Cavallin ដែលចោទគាត់ពីបទរំលោភលើរាងកាយ។

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល(CBF) បាននិយាយថា ៖ “ដោយសារតែការផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Antony ដែលត្រូវការការស៊ើបអង្កេត ហើយដើម្បីការពារជនរងគ្រោះ ដែលត្រូវបានចោទប្រកាន់នោះ CBF សម្រេចដកកីឡាករ Antony ចេញពីក្រុមសិន”។

ភ្លាមៗនោះ Antony បានបដិសេធការចោទប្រកាន់នេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនដោយបន្ថែមថា គាត់មិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតបានទេ ដោយសារតែការស៊ើបអង្កេតរបស់ប៉ូលីសកំពុងដំណើរការ។

Antony បាននិយាយនៅលើ Instagram ថា ៖« តាំងពីដើមមក ខ្ញុំបានចាត់ចែងរឿងនេះដោយយកចិត្តទុកដាក់ និងគោរពដោយផ្តល់នូវការបំភ្លឺចាំបាច់ នៅចំពោះមុខអាជ្ញាធរប៉ូលីស។ ខ្ញុំអាចបញ្ជាក់ដោយទំនុកចិត្តថា ការចោទប្រកាន់នេះមិនពិតនោះទេ។ ខ្ញុំជឿជាក់ថា ការស៊ើបអង្កេតរបស់ប៉ូលីស ដែលកំពុងបន្តនឹងបង្ហាញការពិតអំពីភាពគ្មានកំហុសរបស់ខ្ញុំ»។

បន្ទាប់ពីការដក Antony Santos គ្រូបង្វឹកប្រេស៊ីល លោក Fernando Diniz បានកោះហៅខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Gabriel Jesus មកជំនួសវិញ៕

អត្ថបទទាក់ទង