អបអរសាទរ ! ពាក្យ “គុនខ្មែរ” ទង់ជាតិកម្ពុជា និងរូបប្រាសាទអង្គរវត្ត ត្រូវបានដាក់បញ្ជូល ក្នុងខ្សែក្រវាត់របស់ស្ថាប័នប្រដាល់ពិភពលោក

កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកឧកញ៉ា បាននាំយកខ្សែក្រវាត់គុនខ្មែរ WBC Kun Khmer ចំនួន ១ខ្សែ ដែលជាការចាប់ផ្តើមនៃកិច្ចសហការគ្នារវាងគុនខ្មែរ និងក្រុមប្រឹក្សាប្រដាល់សកលពិភពលោក ដោយខ្សែក្រវ៉ាត់នេះ បានរៀបចំតាក់តែង និងឌីហ្សាញជាពិសេស ដែលរំលេចពាក្យ «គុនខ្មែរ ទង់ជាតិខ្មែរ កម្ពុជា អង្គរវត្ត និងពណ៌ទង់ជាតិកម្ពុជា» ដែលខុសប្លែកពីខ្សែក្រវាត់ WBC ដើម។
ឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្ដរជាតិ (KKIF) និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បាននាំមកនូវសមិទ្ធផលថ្មីទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យប្រដាល់គុនខ្មែរ ដោយបានទទួលជោគជ័យក្នុងការបញ្ចូលពាក្យ «គុនខ្មែរ ឬ Kun Khmer» ព្រមទាំងទង់ជាតិកម្ពុជា និងរូបប្រាសាទអង្គរវត្ត ក្នុងខ្សែក្រវាត់របស់ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) និងបានដង្ហែមកដល់ប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ អមដោយការសាទរជាខ្លាំងពីមហាជនពិសេសអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ។
ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា នេះគឺជាជោគជ័យថ្មី ហើយក៏ជាក្ដីស្រមៃរបស់លោកក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលចង់ឃើញពាក្យ «គុនខ្មែរ ឬ Kun Khmer» ព្រមទាំងទង់ជាតិកម្ពុជា នៅលើខ្សែក្រវាត់ WBC ដែលជាខ្សែក្រវាត់កម្រិតពិភពលោកដ៏ល្បីល្បាញហើយឥលូវក្ដីស្រមៃនេះក៏បានក្លាយជាការពិត ក្រោយចំណាយរយៈពេល ១ឆ្នាំ ដើម្បីផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក ដោយទម្រាំទទួលបានជោគជ័យនេះគឺបានឆ្លងកាត់លក្ខខណ្ឌជាច្រើនដោយស្ថាប័ន WBC បានពិនិត្យលើសកម្មភាពគុនខ្មែរទាំងក្នុង និងក្រៅប្រទេសព្រមទាំងបានបំពេញដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសិលាចារឹក និងប្រវត្តិគុនខ្មែរផ្ទាល់នៅតាមជញ្ជាំងប្រាសាទបុរាណជាមួយការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ជាពិសេសកត្ដាសុខសន្ដិភាពនៅកម្ពុជាទើបស្ថាប័នពិភពលោកនេះ សម្រេចដាក់ពាក្យ «Kun Khmer» លើខ្សែក្រវាត់ WBC និងមានបន្ថែមរូបទង់ជាតិកម្ពុជា ក្នុងចំណោមទង់ជាតិប្រទេសសមាជិកជាង ១០០ប្រទេសរួមជាមួយរូបប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា និងពាក្យ «កម្ពុជា ឬ Cambodia» ផងដែរ។
ខ្សែក្រវាត់ទាំង៣ ត្រូវបានដង្ហែទៅកាន់ក្លិបរបស់លោកឧកញ៉ា ដើម្បីរក្សាទុកនៅទីនោះត្រៀមរៀបចំការប្រកួតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ ខ្សែក្រវាត់ប្រដាល់សកល WBC ២ខ្សែ នឹងត្រូវដាក់ឲ្យកីឡាករបរទេសប្រកួតដណ្តើមនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ។ ក្នុងនោះមានកីឡាករប្រដាល់សកលហ្វីលីពីន និងមកពីប្រទេសផ្សេងៗ ដែលត្រូវប្រជែងគ្នាដណ្តើមខ្សែក្រវាត់សកលពិភពលោកទាំងពីរនេះ។
បើតាមការបញ្ជាក់ពីលោកឧកញ៉ា ស្រី ចាន់ថន កីឡាករកម្ពុជា២រូបគឺ ឈឿង ល្វៃ និង សុខ ធី ក៏មានឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ WBC នៅខេត្តព្រះសីហនុ ប៉ុន្តែនៅមិនទាន់លំអិតពីការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរ WBC Kun Khmer ឬមិត្តភាពអន្តរជាតិឡើយ។
ទន្ទឹមនឹងនេះ ភាគីអន្តរជាតិដែលមកពី ក្រុមប្រឹក្សាប្រដាល់សល់ពិភពលោក កីឡាករ និងក្រុមការងារមានប្រមាណ១៩នាក់ នឹងមកប្រទេសកម្ពុជា។ ក្រុមការងារបរទេសមិនត្រឹមតែមករៀបចំការប្រកួតប្រដាល់សកលដណ្តើមខ្សែក្រវាត់ពិភពលោក WBC ប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏នឹងតាមដានមើលពីកីឡាប្រដាល់គុនខ្មែរផងដែរ ដែលបានចូលរួមសហការគ្នា៕