ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា ជិតដល់ថ្ងៃបើកហើយ
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសកម្ពុជានឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ដែលមានកីឡាចំនួន១៤ប្រភេទគឺ១៣ប្រភេទប្រកួតដណ្តើមមេដាយជាផ្លូវការ និង១ប្រភេទទៀតជាការប្រកួតសម្តែង។ បន្ទាប់ពីការរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូងប្រកបដោយជោគជ័យ និងបង្កើតបានជាប្រវត្តិសាស្ត្រកាលពីពេលថ្មីៗនេះ កម្ពុជាចាប់ផ្តើមបង្កើតប្រវត្តិសាស្ត្របន្តទៀតគឺការរៀបចំកីឡាសម្រាប់ជនពិការដែលមានប្រទេសពីតំបន់អាស៊ានទាំង១១ចូលរួមប្រកួតប្រជែង។
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២បានឲ្យដឹងថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅរាជធានីភ្នំពេញ គឺមានកីឡា១៣ប្រភេទ និងមានកីឡាអេឡិចត្រូនិកជាការប្រកួតសម្តែង។ រហូតដល់ពេលនេះបណ្តាប្រទេសអាស៊ានទាំង១១បានចុះឈ្មោះអត្តពលិក និងប្រតិភូរបស់ខ្លួនរួចរាល់ហើយគឺសរុបប្រមាណ២០០០នាក់ ខណៈម្ចាស់ផ្ទះកម្ពុជាបានត្រៀមអត្តពលិក២៣៦នាក់។
កីឡាទាំង១៤ប្រភេទរួមមាន
កីឡាជនពិការ អត្តពលកម្ម
កីឡាជនពិការ វាយសី
កីឡាជនពិការ ប៊ូស្យា
កីឡាជនពិការ អុក
កីឡាជនពិការ បាល់បោះពិការភ្នែក
កីឡាជនពិការ បាល់ទាត់ (ម្ខាង៧នាក់)
កីឡាជនពិការ បាល់ទាត់ (ម្ខាង៥នាក់)
កីឡាជនពិការ យូដូ
កីឡាជនពិការ លើកទម្ងន់
កីឡាជនពិការ ហែលទឹក
កីឡាជនពិការ វាយកូនឃ្លីលើតុ
កីឡាជនពិការ បាល់ទះអង្គុយ
កីឡាជនពិការ បាល់បោះជិះរទេះ
កីឡាជនពិការ អេឡិចត្រូនិក (កីឡាការប្រកួតសម្តែង)
ទោះបីជាយ៉ាងណា ក្នុងចំណោមកីឡាប្រកួតដណ្តើមមេដាយជាផ្លូវការទាំង១៣នៅមិនទាន់ដឹងច្បាស់ពីចំនួនវិញ្ញាសាច្បាស់លាស់ឡើយ។ កាលកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ីបានដាក់កីឡា១៤ប្រភេទដែលមានវិញ្ញាសាចំនួន៤៥៥។ ក្នុងនោះម្ចាស់ផ្ទះឥណ្ឌូណេស៊ីឈ្នះមេដាយមាស១៧៥ ប្រាក់១៤៤ និងសំរឹទ្ធ១០៧ ឈរលើកំពូលតារាងមេដាយ ខណៈកម្ពុជាឈរចំណាត់ថ្នាក់លេខ៧ជាមួយមេដាយមាស៧ ប្រាក់១០ និងសំរឹទ្ធ១១៕