Close

កូរ៉េផ្តល់ហិរញ្ញប្បទានជិត ៤លានដុល្លារ សាងសង់ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍» នៅខេត្តតាកែវ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ព័ត៌មានជាតិ
កូរ៉េផ្តល់ហិរញ្ញប្បទានជិត ៤លានដុល្លារ សាងសង់ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍» នៅខេត្តតាកែវ កូរ៉េផ្តល់ហិរញ្ញប្បទានជិត ៤លានដុល្លារ សាងសង់ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍» នៅខេត្តតាកែវ

តាកែវ៖ រដ្ឋាភិបាលកូរ៉េ បានផ្តល់ថវិកាហិរញ្ញប្បទាន ឥតសំណង តាមរយៈ ក្រសួងអភិវឌ្ឍន៍ជនបទ មានទឹកសរុបជិត ៤លានដុល្លារ សាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ របស់ «គម្រោងការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា»នៅលើផ្ទៃដីជាង ៨ហិកតា ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

ពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ។

កូរ៉េផ្តល់ហិរញ្ញប្បទានជិត ៤លានដុល្លារសាងសង់«មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍» នៅខេត្តតាកែវ

លោក Kwon Young Jun អគ្គនាយកនៃសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) បានថ្លែង ថា សាជីវកម្មសហគមន៍ជនបទកូរ៉េ នឹងយកជំនាញបច្ចេកទេស និងបទពិសោធន៍នៃការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកូរ៉េ ដើម្បីសាងសង់មជ្ឈមណ្ឌលនៅក្នុងខេត្តតាកែវ ដោយបំពាក់នូវគ្រឿងបរិក្ខារប្រកបដោយគុណភាពខ្ពស់។

ក្នុងឱកាសនោះដែរ លោកKim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញមានចំណាប់អារម្មណ៍ដោយបានចែករំលែកនូវបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច របស់សាធារណរដ្ឋកូរ៉េ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍជនបទ ជាមួយនិងការប្ដេជ្ញាយ៉ាងមុតមាំថា សាធារណរដ្ឋកូរ៉េ នឹងធ្វើដំណើរជាមួយប្រទេសកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើន ក្នុងនាមជាមិត្តដ៏ជិតស្និទ្ធ និងភក្តីភាព ។

កូរ៉េផ្តល់ហិរញ្ញប្បទានជិត ៤លានដុល្លារសាងសង់«មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍» នៅខេត្តតាកែវ

លោកឆាយ ឫទ្ធិសែន បានសម្តែងការអបអរសាទរជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍខេត្ត និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអភិវឌ្ឍតំបន់ជនបទនៅទូទាំងប្រទេសកម្ពុជាឱ្យមានការរីកចម្រើនក្នុងសន្ទុះយ៉ាងលឿន តាមរយៈការអនុវត្តនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ។

កូរ៉េផ្តល់ហិរញ្ញប្បទានជិត ៤លានដុល្លារសាងសង់«មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍» នៅខេត្តតាកែវ

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍភូមិ និងសហគមន៍ជនបទចម្រុះប្រកបដោយភាពធន់ និងបរិយាបន្ននៅតំបន់ជនបទ គឺជាការងារអាទិភាពមួយរបស់ក្រសួង ក្នុងការគាំទ្រសកម្មភាពអភិវឌ្ឍន៍សហគមន៍ជនបទទូទៅ សហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិច តាមរយៈការបង្កើតនិងគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ជនបទ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅសហគមន៍ជនបទ ដើម្បីលើកស្ទួយគុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់សហគមន៍ជនបទ។

លោកថ្លែងថា «ជាក់ស្ដែង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ដើម្បីការអភិវឌ្ឍធនធានមនុស្សនិងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា នេះ គឺជាមជ្ឈមណ្ឌលទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ហើយនឹងក្លាយជា មជ្ឈមណ្ឌលនវានុវត្តន៍ថ្មី ដែលនឹងផ្លាស់ប្តូរគំរូស្តង់ដារនៃវិស័យជនបទ និងកសិកម្មនៅកម្ពុជា»៕

កូរ៉េផ្តល់ហិរញ្ញប្បទានជិត ៤លានដុល្លារសាងសង់«មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍» នៅខេត្តតាកែវ