Close

លោក Trump គំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ ពាក់ព័ន្ធការប្រើមូលដ្ឋានយោធា

ដោយ៖ Chhan Sreyka ​​ | 1 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump គំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ ពាក់ព័ន្ធការប្រើមូលដ្ឋានយោធា លោក Trump គំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ ពាក់ព័ន្ធការប្រើមូលដ្ឋានយោធា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ពាណិជ្ជកម្មទាំងស្រុងជាមួយប្រទេសអេស្ប៉ាញ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ បដិសេធមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួន សម្រាប់ប្រតិបត្តិការពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។

ក្នុងការថ្លែងសុន្ទរកថានៅសេតវិមាន លោក ត្រាំ បានលើកឡើងថា អេស្ប៉ាញកំពុងធ្វើអំពើដែល “មិនអាចទុកចិត្តបាន” ហើយបានបញ្ជាក់ថា “យើងអាចកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់” ជាមួយប្រទេសនោះ។ លោកបានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក “មិនចង់ធ្វើអាជីវកម្មណាមួយជាមួយអេស្ប៉ាញឡើយ”។

ទោះជាយ៉ាងណា មិនទាន់ច្បាស់ថា រដ្ឋបាលរបស់លោក ត្រាំ នឹងអនុវត្តការគំរាមនេះពិតប្រាកដឬយ៉ាងណា និងតើអាចអនុវត្តវិធានការណាដើម្បីរឹតបន្តឹងពាណិជ្ជកម្មលើប្រទេសមួយ ដែលជាសមាជិកនៃEuropean Union បានដែរ ឬទេ។

លោក Trump គំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ ពាក់ព័ន្ធការប្រើមូលដ្ឋានយោធា

សេចក្តីថ្លែងការណ៍របស់លោក ត្រាំ បានបន្ថែមភាពតានតឹងដែលមានស្រាប់រវាងប្រទេសទាំងពីរ ជាពិសេសទាក់ទងនឹងការទាមទាររបស់លោកឱ្យសម្ព័ន្ធមិត្តក្នុងNATO បង្កើនការចំណាយលើវិស័យការពារជាតិ។ រដ្ឋាភិបាលអេស្ប៉ាញបានបដិសេធមិនបង្កើនការចំណាយផ្នែកការពារជាតិរហូតដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ដូចការស្នើសុំរបស់សហរដ្ឋអាមេរិក។

លោក ត្រាំ បាននិយាយថា លោកអាច “បញ្ឈប់អ្វីៗទាំងអស់ដែលពាក់ព័ន្ធនឹងអេស្ប៉ាញ” នៅពេលណាក៏បាន។ ខណៈពេលដូចគ្នា លោក និងរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានអះអាងថា សហរដ្ឋអាមេរិកមានសិទ្ធិស្របច្បាប់ក្នុងការដាក់កម្រិត ឬហាមឃាត់ផលិតផលនាំចូលពីអេស្ប៉ាញ ប្រសិនបើចាំបាច់សម្រាប់ការពារសន្តិសុខជាតិ និងសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer មិនបានបង្ហាញជំហរច្បាស់លាស់ភ្លាមៗទេ ដោយគ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលនឹងពិភាក្សាបន្ថែមអំពីបញ្ហានេះ។

សេតវិមានមិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការបញ្ជាក់បន្ថែមជុំវិញការគំរាមកំហែងពាណិជ្ជកម្មនេះឡើយ។

ជុំវិញបញ្ហានេះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបញ្ជាក់ថា អេស្ប៉ាញជាសមាជិកមួយនៃសហភាពអឺរ៉ុប ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយប្លុកនេះ ត្រូវរួមបញ្ចូលប្រទេសសមាជិកទាំងអស់ មិនអាចដោះស្រាយជាបុគ្គលបានឡើយ។

តាមទិន្នន័យពីការិយាល័យជំរឿនសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៥ សហរដ្ឋអាមេរិកបាននាំចេញទំនិញប្រមាណ ២៦ ពាន់លានដុល្លារ ទៅកាន់អេស្ប៉ាញ ខណៈការនាំចូលពីប្រទេសនេះមានប្រមាណ ២១ ពាន់លានដុល្លារ។ ផលិតផលនាំចេញសំខាន់ៗរបស់អេស្ប៉ាញទៅសហរដ្ឋអាមេរិក រួមមានផលិតផលឱសថ និងប្រេងអូលីវ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez ក៏បានរិះគន់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ថាជា “អន្តរាគមន៍យោធាអយុត្តិធម៌ និងគ្រោះថ្នាក់” ដែលរំលោភលើច្បាប់អន្តរជាតិ។ មន្ត្រីអេស្ប៉ាញបានបញ្ជាក់ថា ការអនុញ្ញាតឱ្យប្រើមូលដ្ឋានយោធានៅភាគខាងត្បូងប្រទេស សម្រាប់ប្រតិបត្តិការនេះ អាចផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្រៅពីនេះ លោក ត្រាំ ក៏បានរិះគន់ចក្រភពអង់គ្លេសថា “មិនសហការ” ជាមួយផែនការរបស់លោកក្នុងការប្រើមូលដ្ឋានយោធា ដើម្បីវាយប្រហារអ៊ីរ៉ង់ ប៉ុន្តែមិនបានប្រកាសវិធានការពាណិជ្ជកម្មជាក់លាក់ណាមួយប្រឆាំងនឹងចក្រភពអង់គ្លេសឡើយ៕

https://www.bbc.com/news/articles/c8r1mzd8vygo