សូមអបអរសាទរ! កម្ពុជាចាប់ផ្តើមដំណើរការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោនៅថ្ងៃនេះ
ភ្នំពេញ៖ ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ជាផ្លូវការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ សម្រាប់បម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ និងតភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារអបអរសាទនូវការបើកដំណើការនេះ និងបានចាត់ទុកវិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។
សម្តេចបន្តថា អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។
អាកាសយានដ្ឋានមួយនេះជាអាកាសយានដ្ឋានខ្នាតធំមិនធ្លាប់មាននៅកម្ពុជា ដែលត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F។ អាកាសយានដ្ឋានលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។
ដើម្បីជួយសម្រួលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងលើកផ្នែកអាកាសចរណ៍ឲ្យមានការរីកចម្រើនជាងមុន រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ប្រមាណ២០គីឡូម៉ែត្រពីភ្នំពេញ។
បន្ទាប់ចាប់ផ្តើមដំណើការនូវអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬអាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានផ្អាកដំណើរការហោះហើរទាំងស្រុងក្នុងរាត្រីរំលងអាធ្រាតថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ។
ការបិទទ្វារអាកាសយានដ្ឋានវ័យចំណាស់មួយនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើន ជាកន្លែងជួប កន្លែងលើកដៃលា កន្លែងរំភើប កន្លែងនឹកព្រួយពីអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានមួយនេះ។
បក្សីស្លាបដែកជាច្រើនគ្រឿងធ្លាប់ចំណត ត្រដាងស្លាបចុះឡើង នឹងត្រូវបង្អែរគោលដៅហោះ-ហើរ ទៅកាន់អាកាសយានដ្ឋានថ្មី (អាកាសយានដ្ឋានអន្តរជាតិតេជោ) លាតសន្ធឹងលើផ្ទៃដី ២ ៦០០ហិចតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ ចម្ងាយ ប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬអាកាសយានដ្ឋានពោធិ៍ចិនតុង បានហែលឆ្លងកាត់ភាពជូរចត់ ដោយបានឈរជើងប្រតិបត្តិការទទួលអ្នកអ្នកដំណើរចេញ-ចូលកម្ពុជារយៈ៦៦ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៩។ ព្រលានមួយនេះ ស្ថិតនៅចម្ងាយប្រហែល១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ នៅលើផ្លូវសហព័ន្ធរុស្សី ទៅដល់រង្វង់មូលចោមចៅ ដែលកាលពីមុនមានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង» ក្រោយមកក្នុងឆ្នាំ២០០៣ ទើបប្តូរឈ្មោះមកជា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ»វិញ៕