សោកស្ដាយផង! កីឡាករបាល់ទាត់ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍
មុននេះបន្តិច! ក្លិបបាល់ទាត់វិសាខា បានប្រកាសថា ខ្សែការពារ ទេស សម្បត្តិ ដែលជាអតីតកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាពក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
បើតាមព័ត៌មានបឋម បានឱ្យដឹងថា ហេតុការណ៍ខាងលើនេះ គឺកីឡាករ ទេស សម្បត្តិ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda ADV ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KY-4937 ធ្លាក់ទៅក្នុងទឹកស្ទឹង សាក់សំពៅ ដែលមានទីតាំងស្ថិតនៅភូមិកំរៃ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមរូបភាព និងវីដេអូដែលបានចែកចាយ គេសង្កេតឃើញថា សពរបស់ ទេស សម្បត្តិ ដែលត្រូវបានគេប្រទះឃើញនោះ មានមាឌធំ ពាក់អាវយឺតពណ៌ខ្មៅ ខោយឺតជើងវែងពណ៌ស និងមានស្ពាយកាបូបពណ៌ខ្មៅ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្លិបបាល់ទាត់វិសាខា៖
«ដំណឹងមរណភាព! កីឡាករ ទេស សម្បត្តិ
កីឡាករ ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាព នៅក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ មរណភាពរបស់ សម្បត្ដិ គឺជាការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវស្វាមី ឪពុក និងជាសមាជិកគ្រួសារ ប្រកបដោយព្រហ្មវិហារធម៌។
តាងនាមថ្នាក់ដឹកនាំ ក្រុមការងារ និងកីឡាករ-កីឡាការិនីទាំងអស់ នៃក្លិបកីឡាបាល់ទាត់ វិសាខា ពិតជាមានសេចក្ដីក្ដុកក្ដួលរន្ធត់តក់ស្លុតជាខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់កីឡាករ ទេស សម្បត្តិ។ ពួកយើងទាំងអស់គ្នា ពិតជាមានការសោកស្ដាយជាអនេក ចំពោះការបាត់បង់នូវធនធានកីឡាករដ៏សំខាន់របស់កម្ពុជា នាពេលនេះ។
ពួកយើងទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពរបស់កីឡាករ ទេស សម្បត្តិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្បត្តិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
គួរបញ្ជាក់ថា ខ្សែការពារវ័យក្មេង ទេស សម្បត្តិ បានចូលរួមជាមួយក្លិបបាល់ទាត់វិសាខា កាលពីខែ សីហា ឆ្នាំ២០២១ ។ មុនផ្លាស់មកកាន់វិសាខា ទេស សម្បតិ្ត ធ្លាប់ជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី នឹងបានចូលរួមជាមួយ បឹងកេត ក្នុងរដូវកាល២០១៩ ហើយរួមចំណែកឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរដូវកាលដដែលនោះ និងជើងឯក លីគកំពូលកម្ពុជា៕