ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈភ្ញៀវទេសចរជាតិមាន ២២,៥២លាននាក់ កើនឡើង ២០,១ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដូចគ្នា។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែឧសភានេះ បានឱ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៤ ដដែល ការលក់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរមានចំនួន ១ ០២៣ ៦៨៨បណ្ណ កើនឡើង ២៨,២៧ភាគរយទទួលបានចំណូលសរុប ៤៧ ៨២៦ ៩៨១ដុល្លា កើនឡើង ២៨,៥៧ភាគរយធៀបនឹងឆ្នាំ២០២៣។
លោកបន្ថែមថា ដោយឡែកជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាមានចំនួនសរុប ២៥ ១៧៥ជើង ដោយជើងហោះហើរចូលមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានចំនួន ៦ ៣២៨ជើង។
ជាមួយគ្នានេះ លោក ប៉ាក់ សុខុម បញ្ជាក់ថា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន សូមស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត ស្របតាមពាក្យស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន និង “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ដែលដាក់ចេញដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ដែលដាក់ចេញដោយក្រសួងទេសចរណ៍៕