Close

មន្ត្រីអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
មន្ត្រីអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ មន្ត្រីអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ

សៀមរាប៖​ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានលើកឡើងថា ការផលិត ឬការប្រើប្រាស់រ៉ូបូតក្នុងបរិបទនៃការអភិវឌ្ឍសាលារៀន គឺមានអត្ថន័យសំខាន់ណាស់ ដោយផ្ដោតលើការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងការបណ្ដុះបណ្ដាលសិស្សានុសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។

ថ្លែងបើកកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៥ វគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ “ការផលិតរ៉ូបូតសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍសាលារៀន” នៅខេត្តសៀមរាប នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នៅក្នុងសង្គមដែលមានការរីកចម្រើនយ៉ាងលឿនផ្នែកបច្ចេកវិទ្យា និង AI ការរៀនរ៉ូបូទិកជួយឱ្យសិស្សមានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត។ រ៉ូបូត និងរ៉ូបូទិក គឺជាមធ្យោបាយដ៏ល្អក្នុងការផ្សារភ្ជាប់មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ទៅនឹងការអនុវត្តជាក់ស្ដែងផងដែរ។

មន្ត្រីអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ

ឯកឧត្តម សេរី ជំនះ បានបន្ថែមថា ប្រធានបទនៃការប្រកួតឆ្នាំនេះ មានការពាក់ព័ន្ធខ្លាំងទៅនឹងការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពិសេស បញ្ញាសិប្បនិម្មិត (AI) ដែលជាឧបករណ៍ជួយគាំទ្រដល់អ្នកសិក្សា និងការអភិវឌ្ឍសាលារៀន។ ចំណេះដឹង AI កំពុងក្លាយជាតម្លៃបន្ថែមដ៏សំខាន់សម្រាប់ជួយបង្កើនសមត្ថភាពលើការគិត វិភាគ និងដោះស្រាយបញ្ហាជាក់លាក់ ដោយសារតែបច្ចេកវិទ្យានេះបានវិវត្តន៍ចេញពីការយកលំនាំតាមសមត្ថភាពខួរក្បាលរបស់មនុស្ស ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យជាច្រើនដូចជា អប់រំ សុខាភិបាល និងសេវាសាធារណៈ។

ឯកឧត្តម ក៏បានណែនាំ និងផ្ដល់អនុសាសន៍ថា ការបង្កើតស្នាដៃជាក្រុមទាមទារឱ្យសមាជិកទាំងអស់ ត្រូវទទួលយកមតិរិះគន់ស្ថាបនាពីគ្នាទៅវិញទៅមក ការកែសម្រួលយោបល់ និងការផ្តុំគំនិត រកចំណុចកណ្ដាលដ៏ល្អប្រសើរមួយ។ បន្តអភិវឌ្ឍសមត្ថភាព ភាពតស៊ូ អត់ធ្មត់ ឧស្សាហ៍ព្យាយាម និងប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធ។ មានឥរិយាបថ និងសីលធម៌ល្អ ក្នុងការរស់នៅ និងការទំនាក់ទំនងជាមួយអ្នកដទៃ។ ទទួលយកលទ្ធផលនៃការប្រកួត និងត្រូវផ្ដោតលើការក្រេបយកចំណេះដឹងទទួលបានពីកម្មវិធី ដើម្បីអភិវឌ្ឍសមត្ថភាព ជាជាងការផ្តោតលើតែភាពឈ្នះចាញ់។

មន្ត្រីអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ
លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ បានបង្ហាញថា គោលបំណងនៃកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៥ គឺដើម្បីជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ បង្កើនការយកចិត្តទុកដាក់លើការសិក្សា និងការស្រាវជ្រាវមុខវិជ្ជាទាក់ទងនឹង STEM, លើកទឹកចិត្តដល់យុវជនឱ្យមានគំនិតផ្ដួចផ្ដើមបង្កើតថ្មី និងច្នៃប្រឌិត, ផ្ដល់ឱកាសឱ្យយុវជនបានបង្ហាញនូវសមត្ថភាព និងស្នាដៃបង្កើតថ្មីរបស់ក្រុមខ្លួន និងចែករំលែកបទពិសោធ, អភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាលើជំនាញសរសេរគម្រោងស្នាដៃ និងមានគំនិតសហគ្រិនភាព។

លោក ម៉ិល ផនសីហា បានបន្ថែមថា ការប្រកួតប្រជែងឆ្នាំនេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានពិធីបើកទស្សនាស្តង់ពិព័រណ៍ស្នាដៃ ការប្រកួតគម្រោង ទស្សនកិច្ចសិក្សាផ្នែកវប្បធម៌ និងពិធីប្រកាសជ័យលាភី។ ដើម្បីធានាសុក្រឹតភាព គណៈកម្មការដាក់ពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រនេះ មានសាស្ត្រាចារ្យ និងអ្នកជំនាញចំនួន ៥រូប៕