អាហ្វហ្គានីស្ថានចោទប៉ាគីស្ថាន វាយប្រហារកាប៊ុល ស្លាប់ជាង ៤០០នាក់ ខណៈអ៊ីស្លាម៉ាបាដ បដិសេធ
Kabul, Afghanistan (Reuters) ៖អាហ្វហ្គានីស្ថានបានអះអាងថា ប៉ាគីស្ថានបានវាយប្រហារលើមជ្ឈមណ្ឌលស្តារនីតិសម្បទាមួយនៅទីក្រុងកាប៊ុល បណ្តាលឲ្យមនុស្ស ៤០៨នាក់ស្លាប់។
ទោះជាយ៉ាងណា ទីក្រុងអ៊ីស្លាម៉ាបាដ បានច្រានចោលការអះអាងនេះ ដោយបញ្ជាក់ថា ព័ត៌មានអំពីការស្លាប់មនុស្សជាង ៤០០នាក់ និងរងរបួស ២៦៥នាក់ ក្នុងការវាយប្រហារតាមអាកាសលើមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀននៅកាប៊ុល គឺមិនត្រឹមត្រូវឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ អាហ្វហ្គានីស្ថានបាននិយាយនៅថ្ងៃអង្គារនេះថា ឧប្បត្តិហេតុនេះគឺជាហេតុការណ៍ដ៏សាហាវបំផុត ចាប់តាំងពីការប៉ះទង្គិចគ្នារវាងភាគីទាំងពីរ បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន។
![]()
យ៉ាងនេះក្តី ប៉ាគីស្ថានបានច្រានចោលសេចក្តីថ្លែងការណ៍នេះ ដោយហៅថាជាព័ត៌មានភាន់ច្រឡំ និងបំភាន់សាធារណៈ ហើយបានបញ្ជាក់ថា ខ្លួនបានវាយប្រហារយ៉ាងច្បាស់លាស់លើគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រភេរវកម្ម នៅយប់ថ្ងៃចន្ទ។
ការវាយប្រហារតាមអាកាសលើទីក្រុងកាប៊ុល បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសចិនបានប្រកាសថា ខ្លួនត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តជួយសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ក្នុងការបន្ធូរបន្ថយភាពតានតឹង និងជំរុញឲ្យភាគីទាំងពីរត្រឡប់ទៅរកការចរចាវិញ។
កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួល ដោយប្រទេសកាតា តួកគី និងអារ៉ាប៊ីសាអ៊ូឌីត ក៏បានបរាជ័យមកមុនផងដែរ។
លោក Amir Khan Muttaqi រដ្ឋមន្ត្រីការបរទេសតាលីបង់ បាននិយាយថា អាហ្វហ្គានីស្ថានបានបាត់បង់ទំនុកចិត្តលើចេតនារបស់ប៉ាគីស្ថាន ចំពោះដំណោះស្រាយតាមផ្លូវការទូតនេះ។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យលោក។
ជម្លោះនេះត្រូវបានចាត់ទុកថា ជាជម្លោះដ៏អាក្រក់បំផុតរវាងប្រទេសជិតខាងឥស្លាមនៅអាស៊ីខាងត្បូង ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណ ២,៦០០ គីឡូម៉ែត្រ (១,៦០០ ម៉ាយល៍)។

មជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀននេះ ធ្លាប់ជាមូលដ្ឋានហ្វឹកហ្វឺនរបស់អង្គការ NATO
លោក Hamdullah Fitrat អ្នកនាំពាក្យរងរបស់ក្រុមតាលីបង់ បានសរសេរនៅលើបណ្ដាញសង្គម X ថា ការវាយប្រហារនេះបានកើតឡើងនៅម៉ោង ៩យប់ (១២:៣០នាទីព្រឹក ម៉ោង ET) កាលពីថ្ងៃចន្ទ ហើយបានសំដៅទៅលើមន្ទីរពេទ្យ Omid ដែលគ្រប់គ្រងដោយរដ្ឋ ដែលជាមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនមានសមត្ថភាពប្រហែល ២,០០០ គ្រែ។
ក្រសួងព័ត៌មានប៉ាគីស្ថានបាននិយាយថា មន្ទីរពេទ្យ Omid ស្ថិតនៅចម្ងាយប៉ុន្មានម៉ាយល៍ពី Camp Phoenix ដែលជាកន្លែងផ្ទុកគ្រាប់រំសេវ និងឧបករណ៍យោធា ដែលត្រូវបានកំណត់ជាគោលដៅវាយប្រហារ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បានសរសេរនៅលើ X ថា ការផ្ទុះបន្តបន្ទាប់ដែលអាចមើលឃើញពីចម្ងាយ បង្ហាញយ៉ាងច្បាស់អំពីវត្តមាននៃឃ្លាំងគ្រាប់រំសេវធំៗ។
អ្នករស់នៅទីក្រុងកាប៊ុល រួមទាំងអ្នកសារព័ត៌មាន Reuters បាននិយាយថា Camp Phoenix ដែលជាមូលដ្ឋានយោធារបស់ NATO ដែលត្រូវបានបោះបង់ចោលនៅក្នុងទីក្រុងនេះ ត្រូវបានបម្លែងទៅជាមជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀនប្រហែលមួយទសវត្សរ៍មកហើយ។ អ្នកស្រុកហៅវាថា “Omid Camp” ឬ “ជំរុំនៃក្តីសង្ឃឹម” ទោះបីជាឈ្មោះផ្លូវការរបស់វាគឺ មន្ទីរពេទ្យព្យាបាលអ្នកញៀនគ្រឿងញៀន Ibn Sina ក៏ដោយ៕
