Close

នាយករដ្ឋមន្ត្រីជប៉ុន Takaichi ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិក

ដោយ៖ Chhan Sreyka ​​ | 1 ម៉ោងមុន ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន Takaichi ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិក នាយករដ្ឋមន្ត្រីជប៉ុន Takaichi ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិក

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi មេដឹកនាំស្ត្រីដំបូងគេរបស់ជប៉ុន និងជាអ្នកអភិរក្សនិយមដ៏រឹងមាំ បានមកដល់មូលដ្ឋាន Joint Base Andrews នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយជិះយន្តហោះ Boeing 747 ដែលត្រូវបានស្គាល់ថាជា “Japanese Air Force One”។

ពិធីទទួលបានរៀបចំយ៉ាងមានកិត្តិយសយោធាពេញលេញ ខណៈលោកស្រី Takaichi បានចុះពីយន្តហោះទៅកាន់ក្បួនរថយន្តដែលរង់ចាំ ដោយមានទង់ជាតិសហរដ្ឋអាមេរិក និងទង់ជាតិជប៉ុនអមជាមួយ។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីចូលកាន់តំណែង ហើយត្រូវបានរំពឹងថា នឹងបើកផ្លូវសម្រាប់កិច្ចពិភាក្សាជាន់ខ្ពស់ជាមួយប្រធានាធិបតី Donald Trump នៅថ្ងៃបន្ទាប់។


ក្នុងនាមជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាអ្នកបន្តគោលនយោបាយសន្តិសុខរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe លោកស្រី Takaichi បានបង្ហាញពីគោលជំហរដាច់ខាតក្នុងការពង្រឹងសម្ព័ន្ធភាព ដោយជំរុញឱ្យមានការបង្កើនចំណាយលើវិស័យការពារជាតិឱ្យឈានដល់ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) ពង្រឹងប្រព័ន្ធការពារមីស៊ីលរួម និងជំរុញការវិនិយោគនៅសហរដ្ឋអាមេរិក ដើម្បីទទួលបានលក្ខខណ្ឌពាណិជ្ជកម្មយុត្តិធម៌ជាងមុន។

នៅក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងជំរុញសម្ព័ន្ធមិត្តឱ្យចូលរួមធានាសុវត្ថិភាពផ្លូវសមុទ្រសំខាន់ៗ ចំពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់ លោកស្រី Takaichi បានផ្តល់សញ្ញាថា ជប៉ុននឹងបន្តជាដៃគូដែលអាចទុកចិត្តបាន ខណៈនៅតែគោរពដែនកំណត់នៃរដ្ឋធម្មនុញ្ញរបស់ខ្លួន។

គេរំពឹងថា កិច្ចពិភាក្សានឹងផ្តោតលើបញ្ហាសំខាន់ៗ រួមមាន ពាណិជ្ជកម្ម ការទប់ស្កាត់ឥទ្ធិពលចិន និងការចែករំលែកបន្ទុកសន្តិសុខ ដើម្បីធានាឱ្យមានតុល្យភាពផលប្រយោជន៍រវាងភាគីទាំងពីរ។

ដំណើរទស្សនកិច្ចនេះត្រូវបានមើលឃើញថា ជាជំហានមួយក្នុងការពង្រឹងបន្ថែមទំនាក់ទំនង និងសម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងជប៉ុន៕

នាយករដ្ឋមន្ត្រីជប៉ុន Takaichi ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិក