តើ ភ្នំពេញក្រោន ឬវិសាខា នឹងឡើងវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup ល្ងាចនេះ?
នៅល្ងាចថ្ងៃពុធ ទី០៧ ខែ ឧសភា នេះ ក្រុមបាល់ទាត់សេះមាសវិសាខា នឹងបើកទ្វារកីឡដ្ឋានព្រីនស៍ទទួលស្វាគមក្រុមបាល់ទាត់សឹងក្រហមភ្នំពេញក្រោន ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤-២៥ វេលាម៉ោង ៦:០០នាទី។
កាលពីជើងទី១ នាថ្ងៃទី៣០ ខែមេសា នៅកីឡដ្ឋាន Smart RSN ក្រុមទាំងពីរ មិនអាចធ្វើអ្វីគ្នាបាននោះទេ ដោយបានត្រឹមស្មើគ្នា ក្នុងលទ្ធផល ២-២។ រំឭកដល់ពានរង្វាន់សម្ដេច ហ៊ុន សែន កាលពីរដូវកាលមុន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូចគ្នានេះ ក្រុមទាំងពីរ ក៏ស្មើលទ្ធផល ២-២ ក្នុងជើងទី១ ដែរ។ លុះ ចូលដល់ជើងទី២ ភ្នំពេញក្រោន បានឈ្នះ វិសាខា លទ្ធផល ៤-១ នៅកីឡដ្ឋាន Smart RSN។ ប៉ុន្តែ ភ្នំពេញក្រោន បានចាញ់ ព្រះខ័នរាជស្វាយរៀង នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ១-០ ខណៈ វិសាខា បានចំណាត់ថ្នាក់លេខ៣ ៕
មែនទែនទៅ ក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នាជាច្រើនលើកច្រើនសារមកហើយ ក្នុងលីគកំពូលកម្ពុជា ហើយការជួបគ្នា ៤លើកចុងក្រោយ នារដូវកាលនេះ ភ្នំពេញក្រោន ឈ្នះ២ ស្មើ១ និងចាញ់១។ ចំពោះលទ្ធផលប្រកួត សម្រាប់ក្រុម ដែលមានកម្រិតប្រហាក់ប្រហែលគ្នាទាំង២នេះ គឺពិបាកប៉ាន់ស្មានណាស់ ហើយជំនួបនេះ គឺកាន់តែស្វឹតស្វាញជាងមុនទៅទៀត ដោយសារក្រុមទាំងពីរ នៅសល់តែពានរង្វាន់ Hun Sen Cup នេះ ប៉ុណ្ណោះក្នុងដៃ ដ្បិតលីគកំពូលកម្ពុជា ក្រុមព្រះខ័នរាជស្វាយរៀង លើកពានរួចទៅហើយ។
ដូច្នេះ យើងនឹងរងចាំមើលទាំងអស់គ្នា ថាតើបឹងកេត ឬក៏ព្រះខ័នរាជស្វាយរៀង ត្រូវទៅវគ្គផ្ដាច់ព្រ័ត្រ ពានសម្ដេច ហ៊ុន សែន លើកទី១៨?