កីឡាករចូលសញ្ជាតិ ៦រូប ស្ថិតក្នុងបញ្ជីឈ្មោះ ក្រុមគោព្រៃកម្ពុជា ត្រៀមការប្រកួតពានរង្វាន់ AFF Cup 2024
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា FFC កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៦នាក់ចុងក្រោយ ដើម្បីចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 (AFF Cup 2024) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។
ក្នុងចំណោមកីឡាករទាំងនោះ គេសង្កេតឃើញថា ឆ្នាំនេះ កម្ពុជា មានកីឡាករចូលសញ្ជាតិរហូតដល់៦នាក់ ដែលមានដូចជា អូសិ តាកាគី, រ៉ាហ្វេល អ៊ែនទ្រេ នេតូ រ៉ុនដុន , ឃូលីបាលី អាបឌែលខាឌឺ, កាន់ ម៉ូ, យូឌៃ អូកាវ៉ា និងកីឡាករ មីហ្ស៊ូណូ ហ៊ីការ៉ុ។
ក្នុងចំណោមកីឡាករចូលសញ្ជាតិទាំង៦រូបខាងលើ មាន ៣នាក់ នឹងបង្ហាញខ្លួនលើកដំបូងជាមួយក្រុមជម្រើសជាតិកម្ពុជា។ បន្ទាប់ពីបានរួមចំណែកជាមួយវិស័យបាល់ទាត់កម្ពុជា អស់រយពេល៥ឆ្នាំរួចមក កីឡាករ២រូបរបស់ភ្នំពេញក្រោន គឺខ្សែការពារ អូសិ តាកាគី និងខ្សែប្រយុទ្ធ រ៉ាហ្វេល អ៊ែនទ្រេ នេតូ រ៉ុនដុន បានទទួលសញ្ជាតិខ្មែរជាផ្លូវការ ជាមួយគ្នានេះ ខ្សែប្រយុទ្ធរបស់ក្រុម អាយ អេស អាយ ដង្កោសែនជ័យ ឃូលីបាលី អាបឌែលខាឌឺ ក៏ទទួលសញ្ជាតិខ្មែរដូចគ្នា។
មែនទែនទៅ កីឡាករ Privat Mbarga មានដើមកំណើតកាមេរូន ក៏ទទួលបានសញ្ជាត់ខ្មែររួចមកហើយដែរ ប៉ុន្តែកីឡាកររូបនេះ មិនទាន់អាចចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជានោះទេ ដោយសារឯកសារមិនគ្រប់គ្រាន់ ខណៈខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ធ្លាប់បានបញ្ជាក់រួចមកហើយថា កំពុងធ្វើការជាមួយ FIFA ដើម្បីដោះស្រាយបញ្ហា នេះ។
ក្រៅតែពីកីឡាករចូលសញ្ជាតិ ការប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ខាងលើនេះ ក៏មានកីឡាករវ័យក្មេងជាច្រើនរូបផងដែរដូចជា សារ ទី សៀង ចន្ធា លឹម ពិសុទ្ធ មិន រតនៈ និង ស រតនា ជាដើម។ ជាមួយគ្នានេះ ក៏មានកីឡាករកូនកាត់២រូបផងដែរ គឺកីឡាករកូនកាត់ខ្មែរ-ហ្គាណា ឡេង ណូរ៉ា និងកីឡាករកូនកាត់ខ្មែរ-អាមេរិក ថេឡរ នីកូឡាស់។
គួរបញ្ជាក់ថា ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024នេះ ក្រុមគោព្រៃកម្ពុជា ស្ថិតនៅក្នុងពូល A ដូច្នេះកម្ពុជា នឹងត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត។ ពានរង្វាន់នេះ នឹងប្តូរឈ្មោះទៅជា ASEAN Cup ចាប់ពីឆ្នាំ 2024 តទៅ៕